មហាសេដ្ឋី Warren Buffett ទទួលបាន​ប្រាក់ខែ​ប៉ុន្មាន​នៅក្នុង​ក្រុមហ៊ុន Berkshire?

មហាសេដ្ឋី Warren Buffett ទទួលបាន​ប្រាក់បៀវត្ស​គោល ត្រឹមតែ 100,000ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ និង​មិនទាន់​ត្រូវបាន​ដំឡើង​ប្រាក់ខែ​ម្ដងណា​នៅឡើយ​ក្នុងអំឡុង 40ឆ្នាំកន្លងមក។

កំពូល​អ្នកវិនិយោគ​ជ​ន​ជាតិ​អាមេរិក លោក Warren Buffett ដឹកនាំ​ក្រុមហ៊ុន​ធំជាងគេ​បំផុត​មួយ​នៅក្នុង​ពិ​ភ​លោក។ មហាសេដ្ឋី​រូបនេះ​ក៏​កំពុងស្ថិត​ក្នុងចំណោម​កំពូល​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ 95.2ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើតាម Bloomberg Billionaires Index។ ប៉ុន្តែ បើទោះជា​យ៉ាងនេះ​ក្ដី ឯកសារ​របស់​គណៈកម្មកា​រមូល​ប​ត្រ​អាមេរិក (SEC) បាន​ង្ហា​ញ​ថា លោក​ទទួលបាន​ប្រាក់បៀវត្ស​ត្រឹមតែ 100,000ដុល្លារ​ប៉ុណ្ណោះ​នៅក្នុង​មួយឆ្នាំ និង​មិន​ធ្លាប់​ទទួលបាន​ការដំឡើង​ប្រាក់ខែ​សោះ​ក្នុងអំឡុង 40ឆ្នាំ​កន្លងមកនេះ។

Buffett គឺជា​ប្រធាន និង​ជា CEO របស់ Berkshire Hathaway។ ដូច្នេះ លោក​អាច​ស្នើ​ក្រុមប្រឹក្សាភិបាល​ឱ្យ​ដំឡើង​ប្រាក់បៀវត្ស​របស់ខ្លួន តាម​ដែល​លោក​ចង់បាន ទន្ទឹមនឹងនេះ លោក​ក៏​អាច​សម្រេច​លើ​ការដំឡើង​ប្រាក់ខែ​របស់​ក្រុម​មេដឹកនាំ​ផ្សេងទៀត​របស់លោក នៅក្នុង​ក្រុមហ៊ុន​នេះ។ ចាប់ពី​ឆ្នាំ 1980 រហូតដល់​បច្ចុប្បន្ន មហាសេដ្ឋី​វ័យ 90ឆ្នាំ​រូបនេះ ទទួលបាន​ប្រាក់បៀវត្ស​តែ 100,000ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ស្មើនឹង​មួយចំណែក​តូច បើ​ធៀប​នឹង​ប្រាក់ចំណូល​ជា​មធ្យម 15លាន​ដុល្លារ​របស់ CEO នៃ​បណ្ដា​ក្រុមហ៊ុន​ដែល​ស្ថិតក្នុង​ស​ន្ទ​ស្សន៍ S&P 500 ក្នុង​ឆ្នាំ 2019។

លោក Warren Buffett ក៏​រកប្រាក់​មិនបាន​ច្រើន​ប៉ុន្មាន​ដែរ​ពី​ប្រភព​ចំណូលផ្សេង។ ប្រាក់ចំណូល​សរុប​ខ្ពស់បំផុត​ដែល​លោក​ធ្លាប់​ទទួលបាន​ពី​ក្រុមហ៊ុន Berkshire គឺ 525,000ដុល្លារ​កាលពី​ឆ្នាំ 2010 ក្នុងនោះ​រួមមាន​ទាំង​ប្រាក់បៀវត្ស​គោល 100,000ដុល្លារ, ប្រាក់​សម្រាប់​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល 75,000ដុល្លារ និង​ប្រាក់​សម្រាប់​សន្តិសុខ​ចំនួន 350,000ដុល្លារ។

តាម​ការជាក់ស្ដែង លោក Warren Buffett ក៏​មិនត្រូវ​ការប្រាក់​បៀវត្ស​ច្រើន​នោះឡើយ។ លោក​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Berkshire ដែលមាន​តម្លៃ​ជិត 100ពាន់​លាន​ដុល្លារ។ ប្រាក់​ទាំងនេះ​ក៏ត្រូវ​បាន​លោក​យកទៅ​ធ្វើ​កិច្ចការ​មនុស្សធម៌​ជា​បន្តបន្ទាប់។ ការរស់នៅ​របស់លោក Warren Buffett ត្រូវបាន​គេ​ដឹងថា មាន​ភាពសាមញ្ញ ក្នុងនោះ លោក​ស្នាក់នៅ​ក្នុងផ្ទះ​ធម្មតា ប្រើប្រាស់​រថយន្ត​តម្លៃ​មធ្យម និង​ទទួលទាន​អាហារ​ពេលព្រឹក​នៅ McDonald’s។ លោក​ក៏​មិន​ប្រើប្រាស់​រថយន្ត​របស់​ក្រុមហ៊ុន ឬ​យន្តហោះ​ផ្ទាល់ខ្លួន​ដែល​ក្រុមហ៊ុន​បាន​ផ្គត់ផ្គង់​នោះដែរ។

ចំណែក Charlie Munger ដែលជា​ដៃស្ដាំ​របស់លោក Warren Buffett និង​ជា​អនុប្រធាន​របស់​ក្រុមហ៊ុន Berkshire ក៏​ទទួលបាន​ប្រាក់បៀវត្ស 100,000ដុល្លារ​ក្នុង​មួយឆ្នាំ។ លោក Charlie Munger ទទួលបាន​ខ្ទង់​ប្រាក់បៀវត្ស​គោល​នេះ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ។

ផ្ទុយ​ពី​ប្រធាន និង​អនុប្រធាន​នៃ​ក្រុមហ៊ុន Berkshire មេដឹកនាំ​ក្រុមហ៊ុន​បុត្រា​សម្ព័ន្ធ​របស់ Berkshire ពីររូប​គឺ Greg Abel និង Ajit Jain ទទួលបាន​ប្រាក់បៀវត្ស​ច្រើនជាង​មេដឹកនាំ​កំពូល​របស់ខ្លួន​ទៅទៀត។ លោក Greg Abel ដែលជា​ប្រធាន និង CEO ផ្នែក​ថាមពល​របស់ Berkshire និង​លោក Ajit Jain អនុប្រធាន​ផ្នែក​ប្រតិបត្តិ​ធនា​រ៉ាប់រង​របស់ Berkshire ទទួលបាន​ប្រាក់បៀវត្សម្នាក់ៗ 16លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ បូក​ជាមួយនឹង​ប្រាក់រង្វាន់​ចំនួន 7លាន​ដុល្លារ​ទៀតផង។ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់ Berkshire លោក Marc Hamburg ក៏ត្រូវ​បាន​ដំឡើង​ប្រាក់បៀវត្ស​ពី 300,000ដុល្លារ/ឆ្នាំ កាលពី​ឆ្នាំ 1996 ដល់ 3.3លាន​ដុល្លារ​កាលពី​ឆ្នាំ2020៕

ប្រភព៖ Business Insider
ប្រែ​សម្រួល៖ បុត្រា

Advertisement