ប្រទេស​ចិន បង្កើត​មូលនិធិ​តម្លៃ ៤៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ជួយ​ដល់​វិស័យ​អចលនទ្រព្យ

គម្រោង​​អគារ​ដែល​មិន​ទាន់​រួច​រាល់​របស់ Evergrande នៅ អ៊ូហាន​ ប្រទេស​ចិន

ធនាគារ​នានា​របស់ ចិន នឹង​សហការគ្នា​បង្កើត​មូលនិធិ​ដើម្បី​ជួយ​ដល់​បណ្ដា​ក្រុមហ៊ុន​អចលនទ្រព្យ ក្នុងការ​ដោះស្រាយ​វិបត្តិ​បំណុល​នាបច្ចុប្បន្ន។

សារព័ត៌មាន Reuters ដកស្រង់​ប្រភពព័ត៌មាន​ដែល​ជិតដិត បានឱ្យដឹងថា ប្រទេស​ចិន នឹង​បង្កើត​មូលនិធិ​អចលនទ្រព្យ​មួយ​ដើម្បី​ជួយ​ឱ្យ​ក្រុមហ៊ុន​ក្នុង​វិស័យ​អចលនទ្រព្យ ឆ្លង​ផុត​ដំណាក់កាល​វិបត្តិ​បំណុល​ដែល​កំពុង​កើតមាន​នាបច្ចុប្បន្ន។ ទំហំ​ទឹកប្រាក់​ដែលជា​គោលដៅ​របស់​មូលនិធិ​នេះ​គឺ ៣០០ ពាន់​លាន​យ៉ុ​ន (៤៤ ពាន់​លាន​ដុល្លារ​អាម៉េរិក)។ នេះ​គឺជា​សកម្មភាព​ធំ​ដំបូង​របស់ ទីក្រុង​ប៉េកាំង ក្នុង​បំណង​ជួយសង្គ្រោះ​វិស័យនេះ រាប់​ចាប់តាំងពី​ឆ្នាំ ២០២១។

មូលនិធិ​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ទិញ​បណ្ដា​គម្រោង​គេហដ្ឋាន​ដែល​កំពុង​ផ្អាក​ការសាងសង់ ហើយ​បង្ហើយការ​សាងសង់ឡើង​វិញ។ ក្រោយមក គម្រោង​ទាំងនោះ​នឹងត្រូវ​បានដាក់​ឱ្យ​ជួល ដើម្បី​ជំរុញ​ផ្នែក​គេហដ្ឋាន​សម្រាប់​ជួល​នៅ​ប្រទេស​នេះ។

ក្នុងដំណាក់កាល​ដំបូង មូលនិធិ​នេះ​នឹង​បញ្ចេញ​សាច់ប្រាក់​ជិត ១២ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយមាន​ការចូលរួម​របស់ ធនាគារ​ជាតិចិន ( PBOC) និង​ធនាគារ​អភិវឌ្ឍ​ចិន។ បើសិនជា​រូបមន្ត​នេះ​មាន​ប្រសិទ្ធភាព បណ្ដា​ធនាគារ​ផ្សេងទៀត​នឹងចូលរួម ពង្រីក​គោលដៅ​ឱ្យដល់ ពី ២០០ ទៅ ៣០០ ពាន់​លាន​យ៉ុ​ន។

ជា​សសរទ្រូង​សំខាន់​របស់​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ប៉ុន្តែ ចាប់តាំងពី​ឆ្នាំ ២០២១ វិស័យ​អចលនទ្រព្យ​នៅ ប្រទេស​ចិន ត្រូវ​ជួប​វិបត្តិ​ជា​បន្តបន្ទាប់។ ថ្មីៗបំផុត​នេះ វិស័យ​អចលនទ្រព្យ​ចិន បាន​ពើបប្រទះ​នឹង​រលក​នៃ​ការបដិសេធ​ការទូទាត់​បំណុល​គេហដ្ឋាន ចំពោះ​បណ្ដា​គម្រោង​ដែល​បាន​ពន្យារពេល​នៅក្នុង​ខែ​នេះ បណ្ដាលឱ្យ​ក្រុមមន្ត្រី​នៅ ប្រទេស​ចិន ឈឺក្បាល​កាន់តែខ្លាំង។

ចំនួន​ផ្ទះ​ដែល​បាន​លក់​ចេញ​នៅ ប្រទេស​ចិន នៅតែ​បង្ហាញ​តួលេខ​ទាប ហើយ​សញ្ញា​នៃ​ការ​ងើប​ឡើងវិញ មាន​តិចតួច នៅក្នុង​គ្រា​ដែល​សេដ្ឋកិច្ច​កំពុង​ត្រូវ​ញាំញី​ដោយ​កូ​វីដ-១៩ ខណៈដែល​អត្រា​នៃ​ការបាត់បង់​ការងារ​មានការ​កើនឡើង និង​ពេលវេលា​ប្រគល់​ផ្ទះ​ចេះតែ​ត្រូវបាន​អូសបន្លាយ​ដោយ​មិនមាន​ភាពប្រាកដប្រជា។ ក្នុង ៥ ខែ​ដើម​ឆ្នាំនេះ តួលេខ​នៃ​គេហដ្ឋាន​ដែល​បាន​លក់​ចេញ បាន​ថយចុះ ២៣.៦% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង៕

Advertisement