GDP របស់​ចិន​កើន​ឡើង​សា​ជា​ថ្មី​វិញ​ហើយ​!

GDP របស់​ចិន​កើន​ឡើង​សា​ជា​ថ្មី​វិញ​ហើយ​!

ខឿន​សេដ្ឋ​កិច្ច​ធំជាង​គេ​លំដាប់​ទី​2​នេះ​បាន​ងើប​ឡើង​វិញ​ជាថ្មី​ ដោយ​មាន​កំណើន​3.2​%​ ក្នុង​ត្រី​មាស​ទី​2​ បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នាក្នុង​ឆ្នាំ​2019​ ប៉ុន្តែអត្រា​នៃ​ការ​ទិញ​ដូរ​ និង​ការ​វិនិយោគ​នៅ​តែ​ខ្សោយ​នៅឡើយ​។

តួលេខ​ពី​ការិយាល័យ​ស្ថិតិ​នៃ​ប្រទេស​ចិន​ ដែល​ទើប​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ក្នុង​ព្រឹក​នេះ​ (16​កក្កដា) បាន​បង្ហាញ​ថា GDP ចិន​បាន​កើន​ឡើង​វិញ​ជា​ថ្មី​នៅក្នុង​ត្រីមាស​កន្លង​ទៅ​ នៅ​ពេល​វិធាន​នានា​ក្នុង​​បម្រាម​គោចរ​​​​ទប់​ស្កាត់​ដើម្បី​ទប់​ស្កាត់​COVID-19 ត្រូវ​បាន​បញ្ជប់​ និង​សកម្ម​ភាព​ជម្រុញ​ដំណើរ​ការ​សេដ្ឋកិច្ច​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ខ្លាំង​ក្លា​ ក្នុង​បំណង​កាត់​បន្ថយ​ផល​ប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​សុខភាព​។ អត្រា​នៃ​កំណើន​3.2​%​នេះ​ ក៏​ខ្ពស់​ជាង​ការ​ព្យាករ​កន្លង​មក​របស់​ក្រុម​អ្នក​វិភាគ​នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​របស់​សារ​ព័ត៌មាន​ Reuters។

មុន​នេះ GDP ចិន​បាន​ថយ​ចុះ​6.8​% នៅក្នុង​ត្រី​មាស​ទី​1 ដែល​នេះ​គឺជា​ការ​ធ្លាក់​ចុះ​ដំបូង​បង្អស់​រាប់​ចាប់​ពី​ឆ្នាំ​1992។ គិត​ជា​រួម នៅក្នុង​ឆមាស​ដើម​ឆ្នាំ​2020​នេះ សេដ្ឋ​កិច្ច​ចិន​មាន​កំណើន​អវិជ្ជមាន​ (ក្រោម​សូន្យ) ​​1.6​%​។

ផលិត​ផល​ឧស្សាហកម្ម​ចិន​ បាន​កើន​ឡើង​4.8​%​ ក្នុង​ឆ​មាស​ទី​1 បើ​ធៀប​ជាមួយ​នឹងឆមាស​ទី​1​នៃ​​ឆ្នាំ2019។ នេះ​គឺជា​ខែ​ទី​3​ហើយ​ដែល​តួលេខ​នេះ​បាន​កើន​ឡើង​។

ប៉ុន្តែ អត្រា​នៃ​ការ​ទិញ​ដូរ​នៅ​តែ​បន្ត​ចុះ​ខ្សោយ ដោយ​ការ​លក់​ចេញ​នៃ​ទំនិញ​លក់​រាយ​បាន​ថយ​ចុះ​1.8​% ក្នុង​ខែ​មិថុនា​ បើ​ធៀប​នឹង​ដំណាក់កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​2019។ នេះ​គឺជា​ខែ​ទី​5​ ​ដែល​តួលេខនេះ​បាន​ដាំ​ក្បាល​ចុះ​។ ចំណែក​ការ​វិនិយោគ​ទៅ​លើ​អចលន​ទ្រព្យ​ក៏​បាន​ថយ​ចុះ​3.1​%​ នៅ​ក្នុង​ពាក់​កណ្ដាល​ដើម​ឆ្នាំ​នេះ​ បើ​ធៀប​ជាមួយ​នឹង​ពាក់​កណ្ដាល​ដើម​ឆ្នាំ​2019។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​ចិន​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​ចាត់វិធានការ​ជម្រុញ​កំណើន​សេដ្ឋី​នៅក្នុង​ពាក់​កណ្ដាល​ចុង​ឆ្នាំ​2020​នេះ​ បើ​ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​បំណុល​ដែល​ចេះ​តែ​កើន​ឡើង​ក៏ដោយ​។ ចិន​បាន​បញ្ចេញ​វិធានការ​ជា​ច្រើន​ ដូច​ជា​ ការ​បង្កើន​ការ​ចំណាយ​របស់​រដ្ឋ​ កាត់​បន្ថយ​អត្រា​ពន្ធ​ បន្ថយ​អត្រា​ការ​ប្រាក់​ និង​អត្រា​ទុន​បម្រុង​កតព្វកិច្ច​​ជា​ដើមសម្រាប់​បណ្ដា​ធនាគារ​ ដើម្បី​គាំទ្រ​ដល់​ការ​បង្កើត​ការ​ងារ​ ក៏ដូច​ជា​សង្គ្រោះ​ខឿន​សេដ្ឋ​កិច្ច​៕

ប្រភព៖ Reuters

Advertisement