រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្នើ​ធនាគារ​ចិន​គាំទ្រ​ការ​ទូទាត់​រូបិយប័ណ្ណ​ខ្មែរ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើ​តំណាង​ធនាគារ​ចិន​ប្រចាំ​នៅ​កម្ពុជា​ឱ្យ​ជួយ​គាំទ្រ​ការប្រើ​ប្រាស់​ និង​ទូទាត់​រូបិយប័ណ្ណ​ខ្មែរ​(ប្រាក់​រៀល​)តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-Payment​) ជាពិសេស​ QR​ Code​ ដែល​ជា​មធ្យោបាយ​ទូទាត់​សាច់ប្រាក់​ដ៏​ពេញនិយម​នៅក្នុង​ប្រទេស​ចិន​ដើម្បី​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​វិនិយោគ​នៃ​ប្រទេស​ទាំង2​។

ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ប្រតិភូ​ធនាគារ​ចិន​រវាង​លោក​ WANG​ Bing​ នាយក​ប្រតិបត្តិ​រង​នៃ​ធនាគារ​ចិន​ប្រចាំ​ទីក្រុង​ហុងកុង​ ​ដោយ​បាន​មានប្រសាសន៍​ជំរុញ​ឱ្យ​តំណាង​ធនាគារ​ចិន​ទទួលយក​ការ​ទូទាត់​ជា​ប្រាក់​រៀល​ឱ្យ​កាន់តែ​ទូលំទូលាយ​សម្រាប់​សកម្មភាព​ធុរកិច្ច​ និង​វិនិយោគ​ទ្វេភាគី​ ជាពិសេស​ការដោះដូរ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ឬហៅ​ថា​ E-Commerce​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ E-Payment​ និង​ QR​ Code​ ដូចគ្នា​ជាមួយ​កម្មវិធី​ទូរស័ព្ទ​ដៃ​ WeChat​ ឬ Alipay​ ជាដើម​ ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​រដ្ឋ​របស់​ចិន​ដ៏​ធំ​មួយ​នេះ​។

ជាមួយគ្នា​នេះ​ដែរ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ប៉ាន​ សូរ​ស័ក្តិ​ ក៏បាន​សំណូមពរ​ផង​ដែរ​ ដល់​លោក​ WANG​ Bing​ នាយក​ប្រតិបត្តិ​រង​នៃ​ធនាគារ​ចិន​ ប្រចាំ​ទីក្រុង​ហុងកុង​ ឱ្យ​ពិនិត្យ​លទ្ធភាព​ចូលរួម​វិនិយោគ​សាងសង់​ឡសម្ងួត​ (សៃ​ឡូ​) នៅ​តាម​បណ្តា​ខេត្ត​សំ​ខាន់​ៗក្នុង​ប្រទេស​កម្ពុជា​ដើម្បី​រក្សាទុក​កសិផល​ក្នុងរយៈពេល​យូរ​ និង​ផ្ដល់​ឥណទាន​ដល់​ប្រជាកសិករ​ ជាពិសេស​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ដើម្បី​ពង្រឹង​ការ​អភិវឌ្ឍ​ខ្សែ​ចង្វាក់​តម្លៃ​ផលិតផល​ដែល​មាន​សក្តា​នុ​ពល​នានា​ សំដៅ​បង្កើត​តម្លៃបន្ថែម​ និង​ធ្វើ​ពិពិធ​កម្មការ​នាំចេញ​។

លោក​ WANG​ Bing​ បាន​ថ្លែងអំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី​កម្ពុជា​ ដែល​បាន​គាំទ្រ​ប្រតិបត្តិ​ការ​របស់​ធនាគារ​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​ ឧទាហរណ៍​ដូចជា​ការប្រើ​ប្រាស់​ប្រាក់​យន់​តាមរយៈ​ប្រព័ន្ធ​ធនាគារ​ដើម្បី​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម​ វិនិយោគ​ និង​ទេសចរណ៍​ ព្រមទាំង​ការបង្កើត​ការិយាល័យ​ចិន​មួយ​ (Chinese​ Desk​) នៅ​ក្រសួង​ពាណិជ្ជកម្ម​ដើម្បី​សម្រួល​ដល់​ធុរជន​ចិន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​។ល។

លោក​ក៏បាន​ណែនាំ​អំពី​សមាសភាព​ថ្នាក់ដឹកនាំ​ថ្មី​របស់​ធនាគារ​ចិន​ និង​បាន​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រី​អំពី​ការរៀបចំ​យុទ្ធសាស្ត្រ​មួយចំនួន​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ពី​ប្រទេស​ចិន​ មកកាន់​ប្រទេស​កម្ពុជា​ ស្របតាម​គំនិត​ផ្តួចផ្តើម​ «ផ្លូវ​ និង​ខ្សែក្រវាត់​» របស់​លោក​ ស៊ី​ ជិន​ពីង​ប្រធានាធិបតី​ដ៏​អស្ចារ្យ​របស់​ចិន​៕

Advertisement