ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​ (ស្ពាន​ជ្រោយ​ចង្វា​រទី1​) ដាក់​ឱ្យ​ដំណើរការ​

ដូច​អ្វី​ដែល​បាន​គ្រោងទុក​នោះ​ គឺ​ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​(ស្ពាន​ជ្រោយ​ចង្វា​រទី1​) ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​លោក​ ហ៊ី​ដេ​ហ៊ី​សា​ ហូរី​ណូ​ឈិ​(Hidehisa​ HORINOUCHI​) ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​នា​ព្រឹក​ថ្ងៃទី3​ ខែមេសា​ ម្សិលមិញ​នេះ​ បន្ទាប់ពី​បាន​ដំណើរការ​ជួសជុល​កែ​លម្អ​ឡើងវិញ​អស់​រយៈពេល​ពេល​ជិត​ 2ឆ្នាំ​រួចមក​។

ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​ជួសជុល​ទាំង​ភាគី​ជប៉ុន​ និង​កម្ពុជា​ដោយ​បាន​ធ្វើការ​ទាំងថ្ងៃទាំងយប់​នោះ​ ធ្វើ​ឱ្យ​ការ​ជួសជុល​ត្រូវ​បាន​បញ្ចប់​មុន​កាលកំណត់​ និង​បាន​ជ្រើស​យក​ថ្ងៃទី3​ ខែមេសា​ម្សិលមិញ​នេះ​ជា​ថ្ងៃ​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​។

ឯកឧត្ដម​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​គូសបញ្ជាក់​ថា​ ការ​ជួសជុល​ស្ពាន​នេះ​ គឺ​មានគុណ​ភាពរឹងមាំ​ល្អ​ប្រសើរ​ក្រោម​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​ក្រុម​វិស្វករ​ជួសជុល​របស់​ជប៉ុន​ និង​កម្ពុជា​។ ក្រោយពី​ការ​ជួសជុល​ចប់​រួចរាល់​ ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​នេះ​អាច​ប្រើ​បាន​រយៈពេល​ 50ឆ្នាំទៅ​មុខ​ទៀត​។

ឯកឧត្ដម​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ការ​ជួសជុល​ស្ពាន​នេះ​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​ 30លាន​ដុល្លារ​អាមេរិក​ ជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។

ស្ពាន​ជ្រោយ​ចង្វា​រទី1​ គឺជា​ស្ពាន​ដែល​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​តភ្ជាប់​រាជធានី​ភ្នំពេញ​ ឆ្លងកាត់​លើ​ទន្លេសាប​ទៅ​តំបន់​ត្រើយម្ខាង​ដែល​បាន​សាងសង់​ឡើង​ និង​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ1963តាមរយៈ​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។ ស្ពាន​នេះ​មាន​ប្រវែង​ 971ម៉ែត្រ​ និង​មាន​ទទឹង​ទំហំ​ 13ម៉ែត្រ​។

ប៉ុន្តែ​ដោយសារ​សង្គ្រាមស៊ីវិល​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ1970​ (ឆ្នាំ1972​ ពេល​ប្រទេស​កម្ពុជា​ជួប​ភ្លើងសង្គ្រាម​) ស្ពាន​ត្រូវ​ទទួលរង​នូវ​ការខូចខាត​ស្ទើរតែ​ទាំងស្រុង​។ អំឡុង​នៃ​ពេល​ការ​ដាច់​ស្ពាន​នោះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ជា​ខ្លាំង​ក្នុង​ការ​ធ្វើដំណើរ​ ដោយ​ត្រូវ​ជិះទូក​ ឬកាណូតដ​ឆ្លងកាត់​ទន្លេ​ដ៏​ធំ​មួយ​នេះ​។ រហូតមកដល់​ឆ្នាំ1992​ ទើប​ស្ពាន​នេះ​ត្រូវ​បាន​ជួសជុល​ និង​ស្ដារ​លទ្ធភាព​ឡើងវិញ​ ​;ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ហើយ​បាន​បើក​ឱ្យ​ដំណើរការ​ជាថ្មី​ម្ដងទៀត​នៅ​ឆ្នាំ1996​ និង​បាន​ក្លាយជា​ច្រករបៀង​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ដែល​តភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​ បណ្ដា​ខេត្ត​ភាគ​ខាងកើត​ឆៀង​ខាង​ជើង​ផ្សេង​ៗរបស់​ប្រទេស​កម្ពុជា​។

នៅពេល​នោះ​ស្ពាន​ជ្រោយ​ចង្វា​រទី1នេះ​ត្រូវ​បាន​ដាក់ឈ្មោះ​ថ្មី​ថា​ «ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​» ហើយ​ស្ពាន​នេះ​បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ លើកកម្ពស់​សកម្មភាព​សេដ្ឋកិច្ច​តាមរយៈ​ការ​ដឹកជញ្ជូន​ទំនិញ​មកកាន់​ទីក្រុង​ភ្នំពេញ​។

ដោយសារ​ស្ពាន​នេះ​មាន​អាយុកាល​ដ៏​ចំណាស់​ ហើយ​ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ និង​លំហូរ​ចរាចរណ៍​កើនឡើង​ជាលំដាប់​នោះ​ ស្ពាន​នេះ​តម្រូវ​ឱ្យ​មានការ​ជួសជុល​ឡើងវិញ​ជាបន្ទាន់​ ដែល​ដំណើរការ​ជួសជុល​ឡើងវិញ​នេះ​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ជួសជុល​នៅ​ថ្ងៃទី15​ ខែកញ្ញា​ ឆ្នាំ2017​ និង​ពាន​បញ្ចប់​មុន​កាលកំណត់​ និង​ជ្រើស​យក​ថ្ងៃទី3​ ខែមេសា​ម្សិលមិញ​នេះ​ ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ឆាប់​ៗខាងមុខនេះ​។

ដើម្បី​បញ្ជ្រាប​ការយល់​ដឹងពី​ការប្រើ​ប្រាស់​គន្លង​ផ្លូវ​នៅ​លើ​ស្ពាន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​រចាស់​ដែល​ទើប​ជួសជុល​ហើយ​រួចរាល់​នេះ​ក៏​មាន​រូបគំនូរ​ម៉ូតូ​សម្រាប់​ផ្លូវ​ម៉ូតូ​ និង​រូប​មនុស្ស​ដើរ​លើ​គន្លង​ផ្លូវ​ថ្មើរជើង​ផង​ដែរ​។ ក្រៅពីនោះ​ក៏​មានការ​អញ្ជើញ​សិស្សានុសិស្ស​ទៅ​ទស្សនកិច្ច​នៅ​លើ​ស្ពាន​ និង​អប់រំ​ពួកគេ​អំពី​ការប្រើ​ប្រាស់​ផ្លូវ​នៅ​លើ​ស្ពាន​នោះ​ផង​ដែរ​៕

Advertisement