គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន ចាប់ផ្ដើម​ត្រូវ​បាន​ពិភាក្សា​

(ភ្នំពេញ) – នាព្រឹកថ្ងៃទី 12 កុម្ភៈនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយក្នុងការរៀបចំការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សាលើការរៀបចំឯកសារទស្សនទាន ត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។

យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមអគ្គលេខាធិការគណៈកម្មការវិនិយោគនៃក.អ.ក. ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​អនុវត្តស្រមតាមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី 15-19 ខែធ្នូ ឆ្នាំ 2023 កន្លងទៅ។ ផែនការ​រៀប​ចំ​សម្រាប់​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​កម្ពុជា​-ជប៉ុន​ គឺជា​ការ​​ត្រៀម​ខ្លួន​ដើម្បី​​ទាក់​ទាញ​វិនិយោគិនជប៉ុន មក​បណ្ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា ឱ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន​៕

Advertisement