ប្រទេស​ជិត​ខាង​របស់​កម្ពុជា​មួយ​នេះ ទទួល​បាន​ទុន​វិនិយោគ​ពី​បរទេស​ច្រើន​ជាង​ដប់​ដង​ ធៀប​នឹង​កម្ពុជា នៅក្នុង​ខែ​មករា​កន្លង​ទៅ​

សំណង់​អចលន​ទ្រព្យ​នៅ​វៀតណាម

នៅ​ក្នុង​ខែ​មករា ឆ្នាំ 2024 ប្រទេស​ជាប់​ព្រំ​ដែន​ខាង​កើត​របស់​កម្ពុជា ទទួល​បាន​គម្រោង​​​វិនិយោគ​ពី​បរទេស​​ចំនួន​ 190 គម្រោង​ ច្រើន​ជាង​ឆ្ងាយ​ បើ​ធៀប​នឹង​ 32 គម្រោង​ដែល​​កម្ពុជា​​បាន​ទទួល​។

យោង​តាម​ទំព័រ Stockbiz របស់​វៀតណាម នៅ​ក្នុង​ខែមករាឆ្នាំ 2024 វៀតណាម​បាន​ផ្ដល់​វិញ្ញាបនបត្រ​ចុះ​បញ្ជី​វិនិយោគ​ចំនួន 190 គ្រោង​ កើន​ 24.2% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​ ដោយ​មាន​ទុន​វិនិយោគ​សរុប​ជាង 2 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 66.9% ធៀប​នឹង​ខែមករា​ឆ្នាំ 2023​។

ក្នុង​ខែ​មករា​ឆ្នាំ 2024 មាន​ប្រទេស​ និង​ដែន​ដី​ចំនួន 39 ដែល​​វិនិយោគ​នៅ​វៀតណាម ក្នុង​នោះ សិង្ហបុរី​គឺ​ជា​ប្រទេស​នាំ​មុខ​គេ​ ដោយ​បណ្ដាក់​ទុន​ជាង 1.4 ពាន់​លាន​ដុល្លារ​អាម៉េរិក ស្មើ​នឹង 59.5% ធៀប​នឹង​ទុន​វិនិយោគ​សរុប​។

បើ​និយាយ​អំពី​ចំនួន​គម្រោង​វិនិយោគថ្មី​​វិញ ប្រទេស​ចិន​គឺជា​ដៃ​គូ​ធំ​ជាង​គេ​​របស់​វៀតណាម ដោយ​រួម​ចំណែក​ជិត 19%។

ដើម្បី​ជា​ការ​ប្រៀប​ធៀប​ នៅក្នុង​ខែ​មករា​ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគពី​បរទេស​​ជិត 187 លាន​ដុល្លារ​​។ តួលេខ​នេះ​របស់​វៀតណាម​គឺជាង 2.36 ពាន់​លាន​ដុល្លារ​។ ​ប្រទេសចិនគឺជា​អ្នក​​វិនិយោគ​ធំ​​ជាង​គេ​ទាំង​នៅ​កម្ពុជា ទាំងនៅ​វៀតណាម​ នៅ​ក្នុង​ខែមករា​ឆ្នាំ 2024​៕

Advertisement