ថៃ ម៉ាឡេស៊ី សិង្ហបុរី លើក​លែង​ទិដ្ឋាការ​ដើម្បី​ទាក់​ទាញ​ទេសចរ​ចិន​

ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​ប្រទេស​ថៃ កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​មួយ​ដើម្បី​អូស​ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ពី​ប្រទេស​ចិន​ នោះ​គឺ​គោល​នយោបាយ​លើក​លែង​ទិដ្ឋាការ​ (Visa) ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

ដោយ​ការ​លើក​លែង​ទិដ្ឋាការ​នេះ ប្រទេស​​នៅ​អាស៊ី​អាគ្នេយ៍ទាំង​បី​ខាង​លើ​ កំពុង​ប្រើ​ប្រាស់​ភាព​ទាក់​ទាញ​នៃ​ការ​ដើរ​ហើរ​ដោយ​សេរី​ ដើម្បី​ជំរុញ និង​ស្ដារ​​វិស័យ​ទេសចរណ៍​ ដែល​បាន​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដោយ​សារ​វិបត្តិ​សុខភាព​នា​ប៉ុន្មាន​ឆ្នាំ​កន្លង។ នេះ​បើ​តាម Reuters ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 09 កុម្ភៈ 2024​។

វិស្វករជនជាតិចិន លោក Wei Ming គឺជា​សាក្សី​មួយ​សម្រាប់​​បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​ខាងលើ​ នៅ​ពេល​គាត់​ប្ដូរ​គម្រោង​ទេសចរណ៍​របស់​ខ្លួន​ពី​អូស្ត្រាលី មក​សិង្ហបុរី​ គ្រា​ដែល​ទិដ្ឋាការ​ត្រូវ​បាន​លើក​លែង​។ ថ្នាក់​ដឹក​នាំ​របស់​ប្រទេស​ថៃ សិង្ហបុរី និង​ម៉ាឡេស៊ី​ សង្ឃឹម​ថា ការ​លើក​លែង​ទិដ្ឋាការ​នឹង​ទាក់​ទាញ​ទេសចរ​ចិន​បាន​ច្រើន​នៅ​ក្នុង​រដូវ​បុណ្យ​និទាឃរដូវ​ឆ្នាំ​នេះ ដែល​ជា​រដូវ​ឈប់សម្រាក​ដំបូង ​រាប់​ចាប់​តាំង​ពី​ទីក្រុង​ប៉េកាំង បាន​​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​ព្រោះ​តែ​កូវីដ-19​។

ទោះជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​វិភាគ​ព្រមាន​ថា ឱនភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ស្ថានភាព​អស្ថិរ​ភាព​ក្នុង​មុខ​របរ​ ការ​ងារ​ និង​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ អាច​កាត់​បន្ថយ​ដំណើរ​ទេសចរណ៍​ក្រៅ​ប្រទេស​របស់​ពលរដ្ឋ​ចិន នាំ​ឱ្យ​គោល​នយោបាយ​លើក​លែង​ទិដ្ឋាការ​ខាងលើ​មិន​សូវ​មាន​ប្រសិទ្ធភាព​៕

Advertisement