ថៃ និង​ស្រីលង្កា ចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​

កំពង់​ផែ​របស់​ចិន​នៅ​ប្រទេស​ស្រីលង្កា

ថ្មី​ៗ​នេះ ប្រទេស​ថៃ និង​ស្រីលង្កា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ដែល​នេះត្រូវ​បាន​ ស្រីលង្កា​ សង្ឃឹម​ថា នឹង​ជួយ​ឱ្យ​ប្រទេស​នេះរួច​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់បំផុត​នៅ​ក្នុង​ច្រើន​ទសវត្សរ៍​កន្លង​។

ស្រីលង្កា​ កំពុង​តែ​ផ្លាស់​ប្ដូរ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នានា​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​រួម​ចំណែក​ជួយ​ដោះ​ស្រាយ​វិបត្តិ​​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​។ ធនាគារ​ពិភពលោក (WB) បាន​គណនា​ឃើញ​ថា សេដ្ឋកិច្ច​របស់​ស្រីលង្កា បាន​រួម​តូច​ 3.8% កាល​ពី​ឆ្នាំ​កន្លង បន្ទាប់​ពី​វិបត្តិ​រូបិយបណ្ណ​បរទេស​ដ៏​ធ្ងន់​ធ្ងរ​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​។

ប្រតិភូ​មួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ Srettha Thavisin បាន​ទៅ​កាន់​រដ្ឋធានី​កូឡុំបូ ដើម្បី​ចុះ​ហត្ថលេខា​លើ​ FTA រួម​នឹង​កិច្ច​ព្រម​ព្រៀង​ដទៃ​​ ជាមួយ​នឹង​សម​ភាគីនានា​នៅ​​ស្រីលង្កា​។

កិច្ច​ព្រម​ព្រៀង FTA ថៃ – ស្រីលង្កា ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​ទីផ្សារ​ ការ​វិនិយោគ​ លិខិត​ស្នាម​គយ និង​បញ្ហា​កម្មសិទ្ធិបញ្ញា​​រវាង​ប្រទេស​ទាំង​ពីរ​។

ថៃ​គឺជា​ប្រទេស​ដែលសំខាន់​សម្រាប់​ស្រីលង្កា នា​បច្ចុប្បន្ន​។ GDP របស់​ប្រទេស​ថៃ បាន​ឈាន​ដល់ 495 ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ 2022 និង​ជា​មួយ​ក្នុង​ចំណោម​អ្នកវិនិយោគ​នៅ​បរទេស​ធំជាង​គេ​ក្នុង​តំបន់​អាស៊ាន​។

យោង​តាម​ទិន្នន័យ​របស់​ធនាគារ​កណ្ដាល​ស្រីលង្កា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ប្រមាណ 460 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2021​។ ទំនិញ​ដែល​ស្រីលង្កា​នាំ​ចេញ​​ទៅ​កាន់​ប្រទេស​ថៃ ភាគ​ច្រើន​គឺ​តែ និង​​ត្បូង​មាន​តម្លៃ​ ហើយ​នាំ​ចូល​ឧបករណ៍អេឡេច​ត្រូនិច​ ស្បៀង កៅស៊ូ ជ័រ និង​ឱសថ​ពីប្រទេស​ថៃ​៕

Advertisement