​​​នៅ​អាស៊ី​អាគ្នេយ៍ ប្រទេស​ណា​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​គេ​បង្អស់​​ក្នុង​ឆ្នាំ​កន្លង​?

ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ប្រទេស​ហ្វ៊ីលីពីន​ មាន​កំណើន​ 5.6% ខ្ពស់​ជាង​កំណើន​មធ្យម​​ភាគ​5.5% ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​ស្រាវជ្រាវ​របស់​ក្រុម​សេដ្ឋវិទូ​នានា​។

ការ​សម្រេច​បាន​ខាងលើ​ ជួយ​ឱ្យ​ហ្វ៊ីលីពីន​ ក្លាយ​ជាខឿន​​សេដ្ឋកិច្ច​ដែល​មាន​កំណើន​លឿន​បំផុត​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ នៅ​ក្នុង​ឆ្នាំ​ 2023​ ដោយ​សារ​កំណើន​នៃ​ការ​ប្រើ​ប្រាស់​ទំនិញ សេវាកម្ម និង​វិនិយោគ​។ ភាគ​ហ៊ុន​នៅ​ប្រទេស​នេះ​ក៏​បាន​រីក​មាឌ​បន្ថែម​ជាង 1%​ ខណៈ​រូបិយបណ្ណ​ប៉េសូហ្វ៊ីលីពីន​ ធ្លាក់​ថ្លៃ​ 0.1% បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក​។

បើ​ទោះ​ជា​ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​យឺត​ជាង​គោល​ដៅ​ 6-7% របស់​រដ្ឋាភិបាលហ្វ៊ីលីពីន ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​ នេះ​គឺជា​កំណើន​​ដែល​លឿន​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

សេដ្ឋកិច្ច​ម៉ាឡេស៊ី ដែល​ធ្លាប់​មាន​កំណើន​លឿន​បំផុត (8.7%) ​ប្រចាំ​អាស៊ី​អាគ្នេយ៍ក្នុង​ឆ្នាំ 2022 ទំនង​ជា​នឹងធ្លាក់​មក​នៅ​ត្រឹម​ 3.8% ក្នុង​ឆ្នាំ 2023​។ ឥណ្ឌូណេស៊ី និង​ថៃ​ នឹង​ប្រកាស​ទិន្នន័យ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​ 2023 នៅ​ខែ​ក្រោយ​៕

Advertisement