អ្នកជំនួញ​​បោះ​ទុន​ជាង 187 លាន​ដុល្លារ​ វិនិយោគ​នៅ​កម្ពុជា​ ក្នុង​ខែ​មករា​ ឆ្នាំ 2024

គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន 32 គម្រោង​ ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង 187 លាន​ដុល្លារ​អាម៉េរិក ត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ក្នុង​ខែ​មករា​ ឆ្នាំ 2024​។

ខាង​លើ​នេះ​គឺជាសេចក្ដី​​ប្រកាស​​ព័ត៌មាន​របស់​ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា (CDC) ចេញ​ផ្សាយ​នា​ថ្ងៃទី 01 កុម្ភៈ 2024​។

យោង​តាម​សេចក្ដី​ប្រកាស​នេះ គម្រោង​វិនិយោគ​ដែល​លេច​ធ្លោ​ជាង​គេ​ប្រចាំ​ខែ​មករា រួម​មាន គម្រោង​បង្កើត​រោង​ចក្រ​ផលិត​គ្រឿង​អេឡិច​ត្រូនិច​នៅ​ស្រុក​សំរោង​ ខេត្ត​តាកែវ, គម្រោងបង្កើត​រោង​ចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ​ កង់​ រ៉ឺម៉ក (អគ្គិសនី) និង​ឧបករណ៍​បញ្ចូល​ ឬ​សាកថ្ម​ នៅ​ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្ដាល​, គម្រោង​បង្កើត​រោង​ចក្រ​កែច្នៃ​អាលុយមីញ៉ូំ​ ដែក​ និង​ទង់​ដែង​ នៅស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ និង​គម្រោង​បង្កើត​រោង​ចក្រ​តម្បាញ​ក្រណាត់​ និង​កាត់​ដេរ​សម្លៀក​បំពាក់​នៅ​ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហនុ​។

CDC​ ក៏​បាន​ឱ្យ​ដឹង​ថា នៅក្នុង​ខែមករាកន្លង​ទៅ ទុន​វិនិយោគ​ប្រមាណ​ 2.73% មាន​ប្រភព​ពី​ក្នុង​ស្រុក​, ជាង 78% មាន​ប្រភព​ពី​ប្រទេស​ចិន​​, 9.65% មក​ពី​សិង្ហបុរី, 5.34% មក​ពី​សហរដ្ឋ​អាម៉េរិក​ និង​ 3.55% មក​ពី​សាធារណរដ្ឋកូរ៉េ​។

គម្រោង​វិនិយោគ​​​ចំនួន 32 គម្រោង​ ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង 187 លាន​ដុល្លារ​អាម៉េរិក និង​អាច​បង្កើត​ការ​ងារ​បាន​ប្រមាណ​ជិត​ 29 ពាន់​កន្លែងនេះ គឺ​សុទ្ធ​តែ​ស្ថិតនៅ​​ក្នុង​វិស័យ​ឧស្សាហកម្ម​៕

Advertisement