ថៃ និង​ចិន​ចុះ​ហត្ថលេខា​លើកលែងទិដ្ឋាការ​រួម​ ដើម្បី​ទេសចរណ៍ និង​ពាណិជ្ជកម្ម

ប្រទេស​ថៃ និង​ចិន បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​លើក​លែង​ទិដ្ឋាការ​រួម ដែលនឹង​មាន​សុពលភាព​ចាប់​ពី​ថ្ងៃទី 01 មីនា 2024​។ កិច្ច​ព្រម​ព្រៀង​នេះ​មិន​ត្រឹម​តែ​ក្នុង​បំណងពង្រឹង​ និង​ពង្រីក​​វិស័យ​ទេសចរណ៍​នោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ជំរុញ​ពាណិជ្ជកម្ម​ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ដោះដូរ​ក្នុង​វិស័យ​ផ្សេង​ៗ​របស់​ប្រទេស​ទាំង​ពីរ​នេះ​ផងដែរ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយពី​បាន​ចូល​រួម​ពិធី​ចុះ​ហត្ថលេខា​នៅ​រាជធានី​បាងកក​ជាមួយ​នឹង​សមភាគី​ថៃ Parnpree Bahiddha-Nukara រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ លោក Wang Yi បាន​និយាយ​ថា នៅ​ពេល​ប្រទេស​ទាំង​ពីរ​ឈាន​ចូល​ដល់​ «សម័យ​លើក​លែង​ទិដ្ឋាការ» កិច្ច​ព្រមព្រៀង​នេះ​មិន​ត្រឹម​តែ​នាំ​មក​នូវ​ផល​ប្រយោជន៍​ដល់​វិស័យ​ទេសចរណ៍​នោះ​ទេ ប៉ុន្តែ​ក៏នឹង​​បង្កើតបាន​​ជា​ទំព័រ​ថ្មី​នៅ​ក្នុង​ការ​ប្ដូរ​ផ្លាស់​វប្បធម៌​ និង​មនុស្ស​ទៅ​វិញ​ទៅ​មក​ទៀត​ផង។

យោង​តាម​កិច្ច​ព្រម​ព្រៀងនេះ ពលរដ្ឋ​ចិន និង​ថៃ នៅ​ពេល​មាន​លិខិត​ឆ្លង​ដែន​​ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​គ្នា​ ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ ហើយ​អាច​ស្នាក់​នៅ​បាន​ 30 ថ្ងៃ​។ តាម​ការ​រំពឹង​ទុក ក្រោយ​ពី​កិច្ច​ព្រមព្រៀង​នេះ​ចូល​ជា​ធរមាន ចំនួន​ភ្ញៀវ​ចិន​ទៅ​លេង​នៅ​ប្រទេស​ថៃ ប្រាកដ​ជា​នឹង​កើន​ឡើង​ច្រើន​ គ្រាដែល​ពលរដ្ឋ​ថៃ​ក៏​នឹង​ទទួល​​បាន​ការ​សាទរ​​យ៉ាង​កក់​ក្ដៅ​ នៅ​ពេល​ទៅ​លេង​ប្រទេស​ចិន​។

ក្រៅ​ពី​ប្រទេស​ថៃ ប្រទេស​ចិន​ ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​លើក​លែង​ទិដ្ឋាការ​រួម​ជាមួយ​នឹង​សិង្ហបុរី​ផងដែរ​ ក្នុង​នោះ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​មាន​សុពលភាព​ចាប់​ពី​ថ្ងៃទី 09 កុម្ភៈ​ខាងមុខ​។ ក្រៅ​ពី​នេះ ម៉ាឡេស៊ី​ដែល​ជា​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ក៏​បាន​លើក​លែង​ទិដ្ឋាការ​ចំពោះ​ពលរដ្ឋ​ចិត្ត​ផងដែរ​៕

Advertisement