ម៉ាឡេស៊ី និង​សិង្ហបុរី​ បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​រួម​​នៅ​ជាប់​ព្រំ​ដែន​

ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី បាន​ព្រម​ព្រៀង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​រួម​ដែល​មាន​ឈ្មោះ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ Johor – Singapore (SEZ)។

ក្រោយជំនួប​ពិភាក្សា​កាល​ពី​ថ្ងៃទី 30 តុលា នាយក​រដ្ឋមន្ត្រី​សិង្ហបុរី លី សៀន​ឡុង និង​សមភាគី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ស្ដី​ពី​ការព្រមព្រៀង​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ SEZ ។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​តំបន់ Iskandar រដ្ឋ Johor របស់​ប្រទេស​ម៉ាឡេស៊ី ក្បែរ​ព្រំ​ដែន​ជាមួយ​នឹង​សិង្ហបុរី​។

«SEZ នឹង​ប្រើប្រាស់​កម្លាំង​បន្ថែម​របស់​ប្រទេស​ទាំង​ពីរ​ ដើម្បី​ជំរុញ​ការ​តភ្ជាប់​សេដ្ឋកិច្ច​ តាម​រយៈ​ការ​កែលម្អ​លំហូរ​ទំនិញ វិនិយោគ និង​មនុស្ស​ឆ្លង​ព្រំ​ដែន​​» សេចក្ដី​ប្រកាស​រួម​លើក​ឡើង​ដូច្នេះ​។

លោក លី សៀនឡុង អះអាង​ថា «ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្លាំង​ទាក់​ទាញ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​សិង្ហបុរី និង​រដ្ឋ Johor របស់​ម៉ាឡេស៊ី»។ លោក​បន្ថែម​ថា ភាគី​ទាំង​ពីរ​កំពុង​សហការ​គ្នា​សិក្សា​​​អំពី​លទ្ធភាព​នៃ​គម្រោង​ ដើម្បី​កំណត់​ចំណុច​ស្នូល​របស់​តំបន់​ពិសេស​ ជា​ពិសេស​គឺ​ផលប្រយោជន៍​របស់​អ្នក​វិនិយោគ​ និង​តម្រូវ​ការ​ទីផ្សារ​។

នាយក​រដ្ឋមន្ត្រី​សិង្ហបុរី លី សៀន​ឡុង (ស្ដាំ) និង​សមភាគី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម ឱ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃការ​យោគ​យល់​គ្នា​នៅ​ក្នុង​ខែ​មករា​ឆ្នាំ​ក្រោយ​។

សិង្ហបុរី​ និង​ម៉ាឡេស៊ី គឺជា​ដៃគូសហការ​ផ្នែក​ពាណិជ្ជកម្ម​ធំជាង​គេ​លំដាប់​ទីពីរ​របស់​គ្នា​កាល​ពី​ឆ្នាំ 2022 ដោយ​ចំណូយ​បាន​ពី​ពាណិជ្ជកម្ម​សម្រេច​បាន​ជាង 83.5 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ សិង្ហបុរី​ក៏​ជា​មួយ​ក្នុង​ចំណោម​ប្រភព​វិនិយោគ​​ផ្ទាល់​ពីបរទេស​លំដាប់​កំពូល​របស់​ម៉ាឡេស៊ី​ផងដែរ ដោយ​រួម​ចំណែក​ប្រមាណ 8.3% នៃ​ទុន​វិនិយោគ​បរទេស​សរុប​កាល​ពី​ឆ្នាំ​កន្លង៕

Advertisement