អតិផរណា​របស់​ជប៉ុន​ថយ​ចុះ ​ដោយ​សារ​ជំនួយ​ផ្នែក​អគ្គិសនី និង​ឧស្ម័ន

យោង​តាម​ស្ថិតិថ្មីបំផុត សន្ទស្សន៍​អតិផរណា​របស់​ប្រទេស​ជប៉ុន​ បាន​ថយ​ចុះ​ក្រោម​កម្រិត​ 3% ជា​លើក​ដំបូង រាប់​ចាប់​ពី​ខែ​សីហា​ ឆ្នាំ 2022​។

វិធានការ​ជំនួយ​ផ្នែក​អគ្គិសនី និង​ឧស្ម័ន​ត្រូវ​បាន​គេ​ជឿ​ថា​ជា​មូលហេតុ​ចម្បង​ដែល​ជួយ​ឱ្យ​អតិផរណា​នៅ​ប្រទេស​ជប៉ុន​ថយ​ចុះ​។ ក៏ប៉ុន្តែ អ្នក​ប្រើ​ប្រាស់​នៅ​តែ​រង​សម្ពាធ​ធ្ងន់​ គ្រា​ដែល​សន្ទស្សន៍​អតិផរណា​ត្រូវ​បាន​ព្យាករ​ថា​ អាច​នឹង​កើន​ឡើង​ជា​ថ្មី​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​។

​ស្ថិតិ​របស់ក្រសួង​មហាផ្ទៃ​ និង​ទូរគមនាគមន៍​ជប៉ុន ​បាន​បង្ហាញ​ថា ក្នុង​ខែកញ្ញាកន្លង​ទៅ សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើ​ប្រាស់ (Customer Price Index – CPI) មិន​រាប់​បញ្ចូល​ទាំង​អាហារ​ស្រស់​របស់​ប្រទេស​នេះ​ បាន​កើន​ 2.8% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។ នេះ​គឺជា​លើក​ដំបូង​ក្នុង​រង្វង់ 13 ខែ ដែល​សន្ទស្សន៍​ CPI បាន​ថយ​ចុះ​មក​ក្រោម​ 3%​។

សន្ទស្សន៍​សម្រាប់​វាស់​ស្ទង់​អតិផរណា​របស់​ប្រទេស​ជប៉ុន​ដែល​បាន​ថយ​ចុះនេះ​ ភាគ​ច្រើន​គឺ​ដោយ​សារ​ការ​ចំណាយ​សម្រាប់​ថ្លៃ​អគ្គិសនី និង​ឧស្ម័ន​របស់​អ្នក​ប្រើ​ប្រាស់​ថយ​ចុះ​​ នៅ​ពេល​មាន​ជំនួយ​ពី​រដ្ឋាភិបាល​។ បើ​ពុំ​មាន​ជំនួយ​នេះ​ទេ សន្ទស្សន៍​នេះ​នៅក្នុង​ខែ​កញ្ញារបស់​ជប៉ុន​ នឹង​ឡើង​ដល់​​ 3.8%​។

ថ្វីបើ​សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើ​ប្រាស់​របស់ជប៉ុន​នៅ​ខ្ពស់​ជាង​ឆ្ងាយ​ បើ​ធៀប​នឹង​គោលដៅ​ដែល​បាន​កំណត់​ ប៉ុន្តែ​ យោង​តាម​ការ​វាយ​តម្លៃ​របស់​ក្រុម​អ្នក​ជំនាញ ដោយ​មាន​ការ​ប្រឹង​ប្រែង​ស្ដារ​បរិស្ថាន​ពាណិជ្ជកម្ម និង​ជំរុញ​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​របស់​រដ្ឋាភិបាល សេដ្ឋកិច្ច​របស់​ជប៉ុន​នឹង​បន្ត​ងើប​ឡើង​ ទាំង​ក្នុង​វិស័យ​ផលិត និង​វិស័យ​មិន​មែន​ផលិត​៕

Advertisement