អាស៊ាន និង សហភាព​អឺរ៉ុប ចុះកិច្ច​ព្រមព្រៀង​​ដឹក​ជញ្ជូន​តាម​​អាកាស​អន្តរ​តំបន់​ដំបូង​គេ​ក្នុង​ពិភពលោក

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (ASEAN) និង​ សហភាពអឺរ៉ុប (EU) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដឹក​ជញ្ជូន​តាម​អាកាស​​ពេញ​លេញ (ASEAN-EU CATA) នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​​​ដឹកជញ្ជូន​អាស៊ានលើក​ទី ២៨ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ Bali ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃទី ១៧ តុលា​កន្លង​ទៅ។

យោង​តាម​ប្រកាស​លើ​គេហទំព័រ​ផ្លូវ​ការ​របស់​ អាស៊ាន ASEAN-EU CATA គឺជា​កិច្ច​ព្រមព្រៀង​ផ្នែក​ដឹកជញ្ជូន​តាម​អាកាស​​រវាង​តំបន់​នឹង​តំបន់​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដែល​នេះ​បាន​ស្ដែង​ឱ្យ​ឃើញ​នូវ​​គំនិត​ស្ដី​ពី​​គោល​នយោបាយ​ថ្មី​បំផុត​ទាក់ទង​នឹង​​ការ​កំណត់​នានា​នៅ​ក្នុង​វិស័យ​អាកាស​ចរណ៍​។ ការ​ចរចា​ស្ដី​អំពី​កិច្ច​ព្រមព្រៀង​នេះ​បាន​ដំណើរ​ការ​ឡើង​វិញ​កាល​ពីឆ្នាំ ២០១៦ និង​បញ្ចប់​ជា​ស្ថាពរ​កាល​ពី​ថ្ងៃទី ០២ មិថុនា ២០២១​។ កិច្ច​ព្រម​ព្រៀង​នេះ​កំពុង​រង់​ចាំ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ EU និង ASEAN អនុម័ត​ការ​នីតិវិធី។

ASEAN-EU CATA ត្រូវ​បាន​គេ​រំពឹងថា នឹង​នាំ​មក​នូវ​ឱកាស​ធំធេង​សម្រាប់​បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​ អាស៊ាន និង​ សហភាព​អឺរ៉ុប ក្នុង​ការ​​ដឹក​ភ្ញៀវ​ និង​ទំនិញ​​តាម​ផ្លូវ​អាកាស​រវាង​តំបន់​ទាំង​ពីរ​នេះ​។ កិច្ច​ព្រមព្រៀង​នេះ​នឹង​ជួយ​ពន្លឿន​ការ​ស្ដារ​សេវាកម្ម​អាកាស​ចរណ៍​រវាង​តំបន់​ទាំង​ពីរ​ ក្រោយ​ពី​វិបត្តិ​កូវីដ-១៩​។ អ្នក​ដំណើរ​នឹង​មាន​ជម្រើស​​ច្រើន​ជាង​មុន​ ​ទាក់ទង​នឹង​ទីតាំង​ចុះ​ចត ចំនួន​ជើង​ហោះ​ហើរ​ជា​ដើម រវាង​ អាស៊ី​អាគ្នេយ៍​ និង​ ទ្វីប​អឺរ៉ុប​។

អាស៊ាន និង សហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាសអន្តរតំបន់ដំបូងគេក្នុងពិភពលោក កាលពីថ្ងៃទី ១៧ តុលា ២០២២ នៅ ឥណ្ឌូណេស៊ី

កិច្ច​ព្រម​ព្រៀង​នេះ​ក៏​នឹង​អនុញ្ញាត​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់​ទាំង​ពីរ​ អាច​ដឹក​អ្នក​ដំណើរ​បាន​​រហូត​ដល់ ១៤ ជើង​ក្នុង​ ១ សប្ដាហ៍​ និង​មិន​មាន​ការ​កំណត់​ចំនួន​ជើង​ហោះ​ហើរ​សម្រាប់​ការ​ដឹក​ទំនិញ​ទៅ​កាន់​ប្រទេស​នីមួយ​ៗ​នៃ​តំបន់​ម្ខាង​ទៀត​។

ASEAN-EU CATA អាច​ចូល​មក​ជំនួស​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ជាង ១៤០ នៅ​ក្នុង​វិស័យ​អាកាសចរណ៍​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​ អាស៊ាន​។

លោក Budi Karya Sumadi ប្រធាន​កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន​លើក​ទី ២៨ និង​ជា​ រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ឥណ្ឌូណេស៊ី បាន​ឱ្យ​ដឹង​ថា «ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​នឹង​បង្កើត​ឱ្យ​មាន​​​ឯកភាព​​យ៉ាង​សុខដុម​ ដើម្បី​ពន្លឿន​ដំណើរ​ការ​ស្ដារ​សេដ្ឋកិច្ច ពិសេស​គឺ​ការ​​តភ្ជាប់​វិស័យ​អាកាស​ចរណ៍​រវាង​ អាស៊ាន និង អឺរ៉ុប​»៕

Advertisement