កម្ពុជា ឈរ​លំដាប់​លេខ​ ៥ ក្នុង​ការ​ព្យាករ​​អំពី​កំណើន​ GDP ឆ្នាំ​ ២០២២ នៅតំបន់ ASEAN+3

ស្ថាប័ន​ AMRO ព្យាករ​ថា សេដ្ឋកិច្ច​របស់​ កម្ពុជា នឹង​មាន​កំណើន​ ៥% ក្នុង​ឆ្នាំ​នេះ ហើយ​ឈរ​លំដាប់​ទី ៥  នៅ​ក្នុង​តំបន់​ ASEAN+3 ដោយ​នៅ​ពី​ក្រោម​ ម៉ាឡេស៊ី វៀតណាម ហ្វ៊ីលីពីន និង ឥណ្ឌូណេស៊ី។

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​ ASEAN+3​ (AMRO) ថ្មី​ៗ​នេះ​បាន​ប្រកាសទិន្នន័យ​ថ្មី​សម្រាប់​ខែ​តុលា ២០២២ នៃ​​របាយការណ៍​ស្ដីពី «ទស្សនវិស័យ​សេដ្ឋកិច្ច​តំបន់ ASEAN+3 ឆ្នាំ​ ២០២២»។

យោង​តាម​របាយការណ៍​ខាងលើ​ AMRO ព្យាករ​ថា តំបន់​អាស៊ាន​ (ASEAN) នឹង​មាន​កំណើន​ ៥.៣% ក្នុង​ឆ្នាំ​នេះ ខ្ពស់​ជាង​ការ​ព្យាករកាលពី​ខែ​កក្កដា​ ២០២២ ដែល​បាន​ចេញ​ផ្សាយ​កន្លង​មក។

AMRO បាន​ដំឡើង​ការ​ព្យាករអតិផរណា​ឆ្នាំ​ ២០២២ សម្រាប់​តំបន់​អាស៊ាន ឡើង​ដល់ ៧.៦% ដោយ​កើន​ ១.៤% ​ធៀប​នឹង​ខែ​កក្កដា​។ សម្រាប់​ឆ្នាំ​ ២០២៣ កំណើន​សេដ្ឋកិច្ច​នឹង​កើន​ឡើង​ ៤.៩% ខណៈ​អតិផរណា​ត្រូវ​បាន​ AMRO ព្យាករ​ថា​ នឹង​ស្ថិត​ក្នុង​អត្រា​ ៤%​។

សេដ្ឋកិច្ច​របស់​ កម្ពុជា ត្រូវ​បាន​ AMRO ព្យាករ​ថា នឹង​មាន​កំណើន​ ៥% ក្នុង​ឆ្នាំ​ ២០២២ ​ឈរ​លំដាប់​ទី ៥ ​ក្នុង​តំបន់​ ASEAN+3 (ASEAN+3 រួម​មាន ម៉ាឡេស៊ី វៀតណាម ហ្វ៊ីលីពីន ឥណ្ឌូណេស៊ី កម្ពុជា ឡាវ ចិន ថៃ សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន មីយ៉ានម៉ា និង ព្រុយណេ) ដោយ​ស្ថិត​នៅ​ពី​ក្រោម​ ម៉ាឡេស៊ី វៀតណាម ហ្វ៊ីលីពីន និង ឥណ្ឌូណេស៊ី៕

Advertisement