IMF និង WB ព្រមាន​អំពី​ហានិភ័យ​កើត​មាន​​វិបត្តិ​សេដ្ឋកិច្ច​សកលនៅ​​ឆ្នាំ​ ២០២៣

មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) និង ធនាគារ​ពិភពលោក (WB) សុទ្ធ​តែ​ព្រមាន​ថា សេដ្ឋកិច្ច​សកល​កំពុង​មាន​កំណើន​យឺត​មក​វិញ និង​អាច​ត្រូវ​យឺតយ៉ាវ​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​ ២០២៣។

«ពិភពលោក​ទាំង​មូល​មាន​ហានិភ័យខ្ពស់​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​ក្រោយ» RT ដក​ស្រង់ និង​ចុះ​ផ្សាយ​អំពី​​ការ​ព្យាករ​របស់​ ប្រធាន​ WB លោក David Malpass និង អគ្គនាយក​ IMF លោក​ស្រី Kristalina Georgieva លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃទី ១០​ តុលា​។

មេដឹកនាំ​ស្ថាប័ន​ទាំង​ពីរ​ខាងលើ​សុទ្ធតែ​យល់​ថា ការ​ដែល​ធនាគារ​កណ្ដាល​នានា​បន្ត​ដំឡើង​ការ​ប្រាក់​ដើម្បី​គ្រប់​គ្រង​អតិផរណា​​​​ កំពុង​​តែ​បង្ក​ផល​ប៉ះពាល់​បញ្ច្រាស​ ដោយសារ​​ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​​ត្រូវ​បាន​​បង្អាក់​។

ប្រធាន​ WB លោក David Malpass

លោក Malpass សង្កត់ធ្ងន់​ថា ​កំណើន​​សេដ្ឋកិច្ច​យឺត​មក​វិញ​នៅ​តាម​​បណ្ដា​ប្រទេស​អភិវឌ្ឍ និង​និន្នាការ​ធ្លាក់​ថ្លៃ​នៃ​រូបិយប័ណ្ណ​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ កំពុង​តែ​ផ្ដល់​សញ្ញា​អំពី​ស្ថាន​ភាព​វិបត្តិ​របស់​សេដ្ឋកិច្ច​ពិភពលោក​។

លោក​ស្រី Georgieva យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​លោក Malpass និង​ជឿ​ថា «ហានិភ័យ​វិបត្តិ​សេដ្ឋកិច្ច​បាន​កើន​ឡើង»។ លោក​ស្រីបន្ថែម​ថា ១/៣ នៃ​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​នឹង​ធ្លាក់​ទៅ​ក្នុង​ឱនភាព​សេដ្ឋកិច្ច​​ និង​បាន​ព្រមាន​ថា ​ប្រទេស​ទាំង​នេះ​​អាច​នឹង​បាន​ឃើញ​​​សេដ្ឋកិច្ច​​មាន​កំណើន​អវិជ្ជមាន​នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​របស់​ឆ្នាំ​ ២០២២ និង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​ ២០២៣។

អគ្គនាយក​ IMF លោក​ស្រី Kristalina Georgieva

យោង​តាម​ មូលនិធិរូបិយវត្ថុ​អន្តរជាតិ ការ​ខាតបង់​ទូទាំង​សកលលោក​ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច​ អាច​ឡើង​ដល់ ៤​ ទ្រីលាន​ (៤,០០០,០០០,០០០,០០០) ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ​ ២០២៦​។ ក៏ប៉ុន្តែ លោក​ស្រី Georgieva ក៏​បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​​រៀប​ចំគោលនយោបាយ​ ឱ្យ​ចាត់​វិធានការ​ដើម្បី​កុំឱ្យ​អតិផរណា​ក្លាយ​ជា​ «រថភ្លើង​ដែល​មិន​មាន​ហ្វ្រាំង»៕

Advertisement