កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ CPTPP នឹង​មាន​សុពលភាព​សម្រាប់​​ ម៉ាឡេស៊ី ចាប់​ពី​ខែ​វិច្ឆិកា ២០២២

ប្រភព​​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម CPTPP ដែល​នឹង​មាន​សុពលភាព​ជា​ផ្លូវ​ការ​សម្រាប់​ ប្រទេស​ម៉ាឡេស៊ី ចាប់​ពីថ្ងៃទី ២៩ វិច្ឆិកាខាងមុខ នឹង​ជួយ​ឱ្យប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​ទី ៩ ដែល​បាន​អនុម័ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នេះ​។

មុននោះ ម៉ាឡេស៊ី បាន​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ការ​សម្រេច​​រួច​រាល់​ក្នុង​ការ​អនុម័ត​លើ ​កិច្ច​ព្រមព្រៀង​ កិច្ច​ព្រម​ព្រៀង​ទូលំទូលាយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កាលពី​ថ្ងៃទី ០៥ តុលា ២០២២​។

ក្នុង​ចំណោម​ ១១ ប្រទេស​ដែល​បាន​ចុះហត្ថលេខា​លើ​ ​កិច្ច​ព្រមព្រៀងទូលំទូលាយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ម៉ាឡេស៊ី គឺជា​ប្រទេស​ទី ៩ ដែល​បាន​អនុម័ត​កិច្ច​ព្រមព្រៀង​នេះ​ ក្រោយ​ដំណើរ​ការ​អនុម័ត​របស់​ ៨ ប្រទេស​ដំបូង​ ចាប់​ពី​ឆ្នាំ​ ២០១៨​ ដល់​ឆ្នាំ​ ២០២១​ រួម​មាន​ ម៉ិកស៊ិក ជប៉ុន សិង្ហបុរី អូស្ត្រាលី​ នូវែល​សេឡង់ កាណាដា វៀតណាម និង​ ប៉េរូ។

រដ្ឋាភិបាល​ម៉ាឡេស៊ី សង្ឃឹមថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​នឹង​ជួយ​ឱ្យ​ប្រទេស​នេះ​ជំរុញ​​ពាណិជ្ជកម្ម​​របស់​ខ្លួន​ ដោយ​ការ​ចូល​ទៅ​កាន់​ទីផ្សារ​ដែល​ ម៉ាឡេស៊ី មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ ក្នុង​នោះ​​មាន​ដូច​ជា​ ប្រទេស​កាណាដា ម៉ិកស៊ិក និង ប៉េរូ ជា​ដើម​។ CPTPP ក៏​នឹង​ជួយ​ឱ្យ​ ម៉ាឡេស៊ី រក​បាន​​ប្រភព​វត្ថុ​ធាតុ​ដើម​គុណ​ភាព​ខ្ពស់​ និង​តម្លៃ​ទាប​ ក៏ដូច​ជា​ជួយ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជាទី​ទាក់ទាញអ្នក​​វិនិយោគ​ផងដែរ​។

ក្រុម​ប្រទេស​នៃ​កិច្ច​ព្រមព្រៀង​ កិច្ច​ព្រម​ព្រៀង​ទូលំទូលាយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)

មុននោះ ក្រសួង​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ម៉ាឡេស៊ី (MITI) បាន​ឱ្យ​ដឹង​ថា កាលពីថ្ងៃទី ៣០ កញ្ញា រដ្ឋាភិបាល​ប្រទេស​នេះ​បានដាក់​ឯកសារ​អនុម័ត​ CPTPP ទៅ​កាន់​ ប្រទេស​នូវែលសេឡង់ ដែល​ជា​អ្នក​រក្សា​ទុក​កិច្ច​ព្រម​ព្រៀង​ CPTPP។ លទ្ធផល​នៃ​ «ការ​វិភាគ​ផលប្រយោជន៍​ និង​ការ​ចំណាយ» របស់ ម៉ាឡេស៊ី បង្ហាញ​ថា ដោយ​មាន​កិច្ច​ព្រម​ព្រៀង​ CPTPP ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ ម៉ាឡេស៊ី ត្រូវ​បាន​ព្យាករ​ថា នឹង​កើន​ឡើង​ដល់ ៦៥៥.៧​ ពាន់​លាន​ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ​ ២០៣០​៕

Advertisement