អាជ្ញាធរ​ខេត្ត​វៀតណាម ស្នើ​ពន្យារ​​​​ការ​សាកល្បង​ឱ្យ​ពលរដ្ឋ​ទៅ​លេង​​ល្បែង​នៅ​កោះ​ត្រល់

អាជ្ញាធរ​ខេត្តគៀនយ៉ាង​ (Kien Giang-ខេត្ត​ក្រមួនស) បាន​ឯកភាព​ចំពោះ​សំណើ​របស់​ក្រុមហ៊ុន​វិនិយោគ​ និង​អភិវឌ្ឍ​កោះត្រល់ (PHU QUOC TOURISM DEVELOPMENT JOINT STOCK COMPANY) ដែល​ស្នើ​ ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម ពិនិត្យ​លទ្ធភាព​ពន្យារ​​ការ​សាកល្បង​អនុញ្ញាត​ឱ្យ​ពលរដ្ឋប្រទេស​នេះ ចូលទៅ​លេង​ល្បែង​នៅ​តាម​បណ្ដា​កាស៊ីណូ នៅ​លើ​កោះ​ ហ្វ៊ូក្វុក (Phu Quoc-កោះត្រល់)។

​សំណើសុំ​ឱ្យ​មាន​ការ​ពន្យារ​ពេលរហូត​ដល់​ថ្ងៃទី ០៧ មករា ២០២៥ របស់​ក្រុម​ហ៊ុន​ខាង​លើ​ ដែល​ ​អាជ្ញាធរ​ខេត្ត​គៀងយ៉ាង​​ឯកភាព​ដើម្បី​បញ្ជូន​ទៅ​ថ្នាក់​លើ​នេះ ត្រូវ​បាន​បញ្ជាក់​ថា គឺ​ក្នុង​បំណង​វាយ​តម្លៃ​ឱ្យ​បាន​ត្រឹម​ត្រូវ​បំផុត​លើ​ប្រសិទ្ធភាព​របស់​គម្រោង​ដែល​មាន​ បណ្ដុំ​អេកូទេសចរណ៍​ ទេសចរណ៍​កំសាន្ត សណ្ឋាគារ ពាណិជ្ជកម្ម សេវាកម្ម ការ​ដឹក​ជញ្ជូន​ទំនិញ ខុនដូសម្រាក​លំហែ​កាយ​ មជ្ឈមណ្ឌល​សន្និបាត​ ក៏ដូចជា​​កម្មវិធី​សាកល្បង​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម​ ចូល​លេង​ល្បែង​នៅ​កាស៊ីណូលើ​កោះ​នេះ​។

គម្រោង​របស់​ក្រុមហ៊ុន​វិនិយោគ​ និង​អភិវឌ្ឍ​កោះត្រល់​ ត្រូវ​បាន​ នាយករដ្ឋមន្ត្រី​វៀតណាម អនុម័ត​កាលពី​ឆ្នាំ​ ២០១៨​ ដោយ​មាន​ទុន​សរុប​ ៥០ ទ្រីលាន​ដុង (ជាង​ ២ ពាន់​លាន​ដុល្លារ​អាម៉េរិក)​។ បច្ចុប្បន្ន គម្រោង​ដែល​បាន​បើក​ដំណើរ​ការ​ពាណិជ្ជកម្ម​ចាប់​ពី​ឆ្នាំ ២០១៩ មក​នេះ​ បាន​នាំ​មក​នូវ​ផល​វិជ្ជមាន​ដល់​សេដ្ឋកិច្ច​-សង្គម​របស់​មូលដ្ឋាន​ ក្នុង​នោះ កាស៊ីណូ​នានា​បាន​បង្កើត​ការ​ងារ​ជាង ១ ពាន់​កន្លែង​ ប្រមូល​ពន្ធ​ជូន​រដ្ឋបាន​ ១.៧ ទ្រីលាន​ដុង​ និង​ទាក់​ទាញ​ទេសចរ​បាន​ជិត ២.៥ សែន​នាក់​ ក្នុង​រយៈ​ពេល​​ ៣ ឆ្នាំ​កន្លង​ នេះ​បើ​តាម​អាជ្ញាធរ​ខេត្ត​គៀងយ៉ាង។

កោះ​ ហ្វ៊ូក្វុក (Phu Quoc-កោះត្រល់)

អាជ្ញាធរ​ខេត្ត​គៀងយ៉ាង បាន​បញ្ជាក់​ថា សកម្មភាព​ និង​ការ​សាកល្បង​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម ចូល​លេង​ល្បែង​ក្នុងកាស៊ីណូនៅ កោះត្រល់ ក្នុង​អំឡុង ៣ ឆ្នាំ​មក​នេះ​ គឺ​ប្រព្រឹត​ទៅ​ដោយ​ត្រឹម​ត្រូវ​ទៅ​តាម​ការ​កំណត់​របស់ ​រដ្ឋាភិបាល​វៀតណាម​៕

Advertisement