កម្ពុជា ស្នើឱ្យ​ពិចារណាលើ​ «ការ​ត​ភ្ជាប់​ខ្សែ​បញ្ជូន និង​បំពង់​ឧស្ម័ន​ក្នុង​តំបន់​អាស៊ាន»

ដើម្បី​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម​លើ​វិស័យ​ថាមពល​អគ្គិសនី និង​ចូលរួម​ឱ្យបាន​យ៉ាងសកម្ម ដើម្បី​សម្រេច​គោលដៅ​ថាមពល​អាស៊ាន កម្ពុជា ស្នើ​ដល់​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន ពិចារណា​លើ​ការតភ្ជាប់​ខ្សែ​បញ្ជូន និង​បំពង់​ឧស្ម័ន​រវាង​ប្រទេស​នៅក្នុង សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន-ASEAN)។

សំណើ​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​ដោយ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នា​ថ្ងៃនេះ នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី ៤០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រួម​នឹង​វេទិកា​ធុរកិច្ច​ថាមពល​អាស៊ាន​ឆ្នាំ ២០២២ ក្រោម​មូលបទ «បង្កើនល្បឿន​អន្តរកាល​ថាមពល ៖ ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ និង​កំណើន​ប្រកបដោយ​ចីរភាព»។

នៅក្នុង​កិច្ចប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​នេះដែរ សម្ដេចនាយក​រដ្ឋមន្ត្រី​កម្ពុជា មានប្រសាសន៍ថា ក្នុង​ក្របខណ្ឌ​អាស៊ាន ក្នុងនាម​ជា​ប្រធាន​នៅក្នុង​ឆ្នាំ ២០២២ នេះ កម្ពុជា នឹង​បន្ត​ចូលរួមចំណែក​បង្កើត​គំនិត​ផ្តួចផ្តើមថ្មីៗ និង​ជំរុញ​ការចូលរួម​បន្ថែម​លើ​គ្រប់​សកម្មភាព និង​គម្រោង​អន្តរកាល​ថាមពល​ក្នុង​តំបន់​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់បំផុត។

ក្នុង​រយៈពេល ០២ ថ្ងៃ​នៃ​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​ថាមពល​នៃ​បណ្ដា​ប្រទេស​អាស៊ាន នឹងមាន​កិច្ចប្រជុំសំខាន់ៗជាច្រើន​ដែល​ទាក់ទង​នឹង​វឌ្ឍនភាព​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​វិស័យ​ថាមពល ជា​ផ្លូវ​ឆ្ពោះទៅរក​ការបង្កើន​ល្បឿន​អន្តរកាល​ថាមពល និង​ការជំរុញ​សកម្មភាព​ស្ដារ​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​អាស៊ាន៕

Advertisement