ប្រទេស​ឥណ្ឌា ​យកឈ្នះ​លើមហា​អំណាច​សេដ្ឋកិច្ច​នៅ អឺរ៉ុប និង​គ្រោង​ «ផ្ដួល» មហា​អំណាច​ដទៃ​ទៀត

ប្រទេស​ឥណ្ឌា ដណ្ដើមបាន​តំណែង​ជា​ខឿនសេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទី ៥ ក្នុង​ពិភពលោក ពី​ដៃ​របស់ អង់គ្លេស និង​កំពុង​ឆ្ពោះទៅ​កាន់កាប់​តំណែង​លេខ ៣ បន្តទៀត។

ទិន្នន័យ GDP ដែល​ត្រូវបាន IMF (មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ) ប្រកាស​កាលពីដើម​ខែកញ្ញា បាន​បង្ហាញថា ទំហំ​សេដ្ឋកិច្ច​របស់ ឥណ្ឌា បាន​យកឈ្នះ​លើ អង់គ្លេស នៅក្នុង​អំឡុង ៣ ខែ​ចុងឆ្នាំ ២០២១ និង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២២។

ទំហំ​សេដ្ឋកិច្ច​របស់ ឥណ្ឌា សម្រេចបាន ៨៥៤.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈដែល អង់គ្លេស ដែលជា​អតីត​អាណាព្យាបាល​​របស់ ឥណ្ឌា សម្រេចបាន ៨១៦ ពាន់​លាន​ដុល្លារ។

ជាមួយនឹង​លទ្ធផល​ខាងលើ ឥណ្ឌា បាន​យកឈ្នះ​លើ អង់គ្លេស ក្លាយជា​ខឿនសេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទី ៥ ក្នុង​ពិភពលោក បន្ទាប់ពី សហរដ្ឋ​អាម៉េរិក, ចិន, ជប៉ុន និង អាល្លឺម៉ង់។ កាលពី ១ ទសវត្សរ៍​មុន សេដ្ឋកិច្ច​ឥណ្ឌា ឈរ​លំដាប់​ទី ១១ ខណៈដែល អង់គ្លេស ឈរ​លំដាប់​ទី ៥​។ IMF ព្យាករ​ថា សេដ្ឋកិច្ច​របស់ ឥណ្ឌា នឹង​បន្ត​រក្សា​តំណែង​នេះ ហើយ​នឹងមាន​កំណើន​ជាង ៧% ទៀត​ នៅ​ក្នុងឆ្នាំនេះ។

ធនាគារកណ្ដាល​របស់ ឥណ្ឌា (SBI) កាលពី​ថ្ងៃទី ០៣ កញ្ញា បានប្រកាស​អំពី​ការសិក្សា​ស្រាវជ្រាវ​មួយ​បង្ហាញថា ប្រទេស​នេះ​កំពុង​ឆ្ពោះទៅ​​រក​ការ​កាន់កាប់​តំណែង​សេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទី ៣ ក្នុង​ពិភពលោក ដោយ​គ្រោង​នឹង​យកឈ្នះ​លើ អាល្លឺម៉ង់ នៅ​ឆ្នាំ ២០២៧ និង ជប៉ុន នៅ​ឆ្នាំ ២០២៩៕

Advertisement