ប្រទេស​ថៃ ចូល​រួម​​ដណ្ដើម​យក​​បុគ្គល​​ដែល​​មាន​​សក្តានុពល​​​ពី​​បរទេស​​ ដើម្បី​​ស្ដារ​សេដ្ឋកិច្ច​​ជាតិ​

អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ កំពុង​ធ្វើ​ការ​ក្នុង​កសិដ្ឋាន​ទំនើប​នៅ ប្រទេស​ថៃ​

ចាប់​ពី​ខែ​កញ្ញា​ ២០២២ នេះ ពលករ​​​​​​មាន​ជំនាញការ​ងារ​​ខ្ពស់ បុគ្គលជា​​អ្នក​ឯកទេស​​ជាន់​ខ្ពស់​ បុគ្គល​​មាន​ទ្រព្យ​ច្រើនមក​ពី​​បរទេស​​ដែល​បាន​ចូល​និវត្តន៍​​ អាច​ដាក់​ពាក្យ​តាម​អនឡាញ​ដើម្បី​បន្ត​ស្នាក់​នៅ​ក្នុង ប្រទេស​ថៃ​។

យោង​តាម​ប្រភពព័ត៌មាន​ពី​ បាងកក ប្រទេស​ថៃ កំពុង​តែ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​ទាក់​ទាញ​មនុស្ស​ពូកែៗ និង​ក្រុម​អ្នក​មាន​ ឱ្យ​ស្នាក់​នៅ​ និង​ធ្វើ​ការ​ក្នុង​ប្រទេស​នេះ​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​។

​លោក Chayotid Kridakon ទីប្រឹក្សា​របស់​ នាយក​រដ្ឋមន្ត្រី​ថៃ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​កញ្ញា​ ២០២២ នេះ អ្នក​ជំនាញ​ជាន់​ខ្ពស់​ បុគ្គល​​មាន​ទ្រព្យ​ច្រើន​ រួម​នឹង​ពលករ​​​​មាន​ជំនាញ​ខ្ពស់​មក​ពី​​បរទេស​​ដែល​បាន​ចូល​និវត្តន៍​​ អាច​ដាក់​ពាក្យ​តាម​អនឡាញ​ដើម្បី​បន្ត​ស្នាក់​នៅ និង​ធ្វើ​ការ​​ក្នុង ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ ១០ ឆ្នាំ​។

យោង​តាម​លោក Kridakon រដ្ឋាភិបាល​ថៃ បាន​កំណត់​គោល​ដៅ​ទាក់​ទាញ​ជនបរទេសដែល​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ ឬ​អ្នក​មាន​ជំនាញ​ខ្ពស់ ​ឱ្យ​បាន​ ១ លាន​នាក់ ក្នុង​រង្វង់ ៥ ឆ្នាំ​ខាងមុខ​។

គោលនយោបាយ​ទាក់​ទាញ​បុគ្គល​មាន​ទ្រព្យច្រើន​ និង​បុគ្គល​មាន​ជំនាញ​ខ្ពស់​ខាងលើ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជំហាន​សំខាន់​ក្នុង​ការ​ជួយ​ដល់​សេដ្ឋកិច្ច​ថៃ​ ដែល​គ្រោង​នឹង​មាន​កំណើន​ត្រឹម​តែ​ ៣.៣% ក្នុង​ឆ្នាំ​នេះ​។

ក្រៅ​ពី​ ប្រទេសថៃ កន្លង​មក​ក៏​មាន​ ប្រទេស​មួយ​ចំនួន​​ដែល​អនុវត្ត​​គោលនយោបាយ​​អូស​ទាញ​ជន​បរទេស​ ក្នុង​នោះ​មាន​ទាំង​ សិង្ហបុរី និង​ អេមីរ៉ាត​អារ៉ាប់​រួម ផងដែរ​៕

Advertisement