គម្រោង​វិនិយោគ​​ចំនួន​ ២ លើ​វិស័យ «ថាមពល​​កកើត​​ឡើង​វិញ» ​ត្រូវបាន​ កម្ពុជា ​អនុម័ត​ក្នុង​ខែសីហា ២០២២

ក្នុងអំឡុង​ខែសីហា ឆ្នាំ ២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ១៧ គម្រោង ក្នុងនោះ​មាន ២ គម្រោង​ដែល​ស្ថិតក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ ក្នុង​គ្រា​ដែល​តម្លៃ​ថាមពល​នៅ កម្ពុជា និង​ពិភពលោក​កំពុងតែ​ឡើងថ្លៃ​ខ្ពស់។

គម្រោង​វិនិយោគ​ថ្មី​ទាំង ១៧ មានតម្លៃ​សរុប​ជាង ១៤១ លាន​ដុល្លារ​អាម៉េរិក ដែល​ទើបត្រូវ​បានអនុម័ត​ដោយ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​ខែសីហា នឹង​អាចបង្កើត​ការងារ​ដល់​ប្រពល​រដ្ឋ​ជិត ១០,០០០ កន្លែង។

បណ្ដា​ខេត្ត​ក្រុង​ដែល​ទទួលបាន​គម្រោង​វិនិយោគ​ខាងលើ​រួមមាន រាជធានី​ភ្នំពេញ, ខេត្តកណ្ដាល, ខេត្ត​ព្រះ​សីហា​នុ, ខេត្ត​កំពង​ស្ពឺ, ខេត្ត​កែប និង​ខេត្តកំពង់ធំ។

គម្រោង​វិនិយោគ​លើ​វិស័យ​ថាមពល​កកើតឡើង​វិញ​ដែល​ទើបត្រូវ​បានអនុម័ត​ក្នុង​ខែសីហា​កន្លងទៅ រួមមាន ៖

ទីមួយ ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​បន្ទះ​សូ​ឡា និង​គ្រឿង​បង្គុំ របស់​ក្រុមហ៊ុន Solar Long PV-Tech (Cambodia) Co., Ltd. ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានី​ភ្នំពេញ។ គម្រោង​នេះ​មាន​ទុនវិនិយោគ​ចំនួន ១២ លាន​ដុល្លារ​អាមេរិក និង​គ្រោង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៥០០ នាក់។

ទី​ពីរ ៖ គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា របស់​ក្រុមហ៊ុន KITATSU SOLAR (CAMBODIA) CO., LTD ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ ៥១ ភូមិ​ត្រពាំង​ព្រៃ​ភូមិ ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្ដាល។ គម្រោង​នេះ​មាន​ទុនវិនិយោគ​ប្រមាណ ២៣.៤ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៣៧ កន្លែង។

Advertisement