ទំហំ​សេដ្ឋកិច្ច​អ៊ី​ន​ធើ​ណិ​ត​នៅ អាស៊ីអាគ្នេយ៍ អាច​កើន​ឡើងដល់ ៣០០ ពាន់​លាន​ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ ២០២៥

នៅលើ​ខឿនសេដ្ឋកិច្ច​ឌីជីថល​អ៊ី​ន​ធើ​ណិ​ត ទិន្នន័យ​ធំ (Big Data) មាន​សក្ដានុពល​យ៉ាង​ធំ​សម្បើម ជួយ​ជំរុញ​ល្បឿន​នៃ​ការ​ងើបឡើង​របស់​សេដ្ឋកិច្ច​នៅ អាស៊ីអាគ្នេយ៍ ក្រោយ​សម័យ​កូ​វីដ-១៩ ដោយ​ផលប្រយោជន៍​ក្នុង​វិស័យ​សុខាភិបាល​សាធារណៈ សុខុមាលភាព​សង្គម និង​អប់រំ សម្រេចបាន​តម្លៃ​ជាង ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

យោងតាម​របាយការណ៍​ថ្មី​របស់ ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ដែលមាន​ប្រធានបទ ទាញយក​សក្ដានុពលរ​បស់ Big Data នៅ អាស៊ីអាគ្នេយ៍ ក្រោយ​កូ​វីដ-១៩ Big Data អាច​កែលម្អ​ការផ្គត់ផ្គង់​សេវាកម្ម​របស់​រដ្ឋាភិបាល និង​ជំរុញ​ល្បឿន​នៃ​ការ​ងើបឡើង​របស់​សេដ្ឋកិច្ច ក្រោយ​វិបត្តិ​កូ​វីដ-១៩។

របាយការណ៍​ថ្មី​របស់ ADB បង្ហាញថា បណ្ដា​ប្រព័ន្ធ​តាមដាន​ពី​ចម្ងាយ​អាចជួយ​សន្សំសំច័យ​បាន ៩.៤ ពាន់​លាន​ដុល្លារ សម្រាប់​បណ្ដាញ​សុខាភិបាល​នៅ អាស៊ីអាគ្នេយ៍ ក្នុង​ឆ្នាំ ២០៣០ ដោយសារតែ​ការថយចុះ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែល​មកកាន់​មន្ទីរពេទ្យ ពេលវេលា​នៃ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្លី​ជាង​មុន និង​ការថយចុះ​នៃ​លិខិតស្នាម​នៅ​មន្ទីរពេទ្យ។

ចំណែកឯ​ការប្រើប្រាស់​ទិន្នន័យ​វិភាគ​ដើម្បី​កំណត់​គោលដៅ​សម្រាប់​អន្តរាគមន៍​ផ្នែក​សុខាភិបាល​ដែល​ផ្ដោត​សំខាន់​ទៅលើ​ក្រុម​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ក៏​អាច​នាំឱ្យ​កើនឡើង​ប្រហែល ១៥.៥ ពាន់​លាន​ដុល្លារ នៅក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​តំបន់ អាស៊ីអាគ្នេយ៍ នៅ​ឆ្នាំ ២០៣០។

របាយការណ៍​ខាងលើ​បញ្ជាក់ថា ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​ផ្គត់ផ្គង់​សេវាកម្ម​អប់រំ ការធ្វើការ​ពី​ចម្ងាយ និង​លក្ខណៈ​ឯកជន អាចរួមចំណែក​ប្រមាណ ៧៧.១ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ទៅក្នុង GDP របស់​បណ្ដា​ប្រទេស​នៅ តំបន់​អាស៊ីអាគ្នេយ៍ នៅ​ឆ្នាំ ២០៣០ ផងដែរ។

បច្ចេកវិទ្យា​ឌីជីថល កំពុងតែ​ផ្លាស់ប្ដូរ​សេដ្ឋកិច្ចពិភពលោក។ របាយការណ៍​របស់ ADB បាន​បង្ហាញថា គិតតែ​ក្នុង តំបន់​អាស៊ីអាគ្នេយ៍ ទំហំ​របស់​សេដ្ឋកិច្ច​អ៊ី​ន​ធើ​ណិ​ត អាច​កើន​ជា ៣ ដង ធៀប​នឹង​ឆ្នាំ ២០១៩ ដោយ​អាច​នឹង​ឡើងដល់ ៣០០ ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ ២០២៥៕

Advertisement