អតិផរណា​កើនឡើង​ខ្ពស់ ជប៉ុន នៅតែ​បន្ត​កម្មវិធី​ជំរុញ​សេដ្ឋកិច្ច

តម្លៃ​មុខទំនិញ​ជាច្រើន​មុខ​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ធ្វើឱ្យ​អតិផរណា​នៅ ជប៉ុន បន្ត​កើនឡើង ប៉ុន្តែ ធនាគារជាតិ​ជប៉ុន (BoJ) អាច​នឹង​បន្ត​រក្សាការ​​បន្ធូរបន្ថយ​គោលនយោបាយ​ហិរញ្ញវត្ថុ ក្នុង​បំណង​ជួយ​ជំរុញ​ល្បឿន​នៃ​ការ​ងើបឡើង​របស់​សេដ្ឋកិច្ច​ប្រទេស​នេះ។

នា​ថ្ងៃទី ១៩ សីហា​នេះ ក្រសួងមហាផ្ទៃ និង​ទូរគមនាគមន៍​ជប៉ុន (MIC) បានឱ្យដឹងថា ក្នុង​ខែកក្កដា ២០២២ ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់ (CPI) មូលដ្ឋាន​របស់​ប្រទេស​នេះ កើន ២.៤% ធៀប​នឹង​ខែកក្កដា ២០២១, កើន ០.២ ព​ន្ទុ ធៀប​នឹង​ខែ​កន្លង និង​ខ្ពស់បំផុត​ក្នុង​អំឡុង​ពេល​​ពី​ខែធ្នូ ២០១៤ ដល់​បច្ចុប្បន្ន។ នេះ​គឺជា​ខែ​ទី ៤ ហើយ​ដែល​ស​ន្ទ​ស្សន៍ CPI ឡើង​ខ្ពស់ជាង​គោលដៅ ២% របស់ ធនាគារជាតិ​ជប៉ុន។

យោងតាម​ក្រុមអ្នកវិភាគ មូលហេតុ​សំខាន់​ដែលនាំឱ្យ​អតិផរណា​នៅ ជប៉ុន បន្ត​កើនឡើង នោះ​គឺ​តម្លៃ​ឥន្ធនៈ និង​វត្ថុធាតុដើម​នៅតែមាន​កម្រិត​ខ្ពស់ បណ្ដាលឱ្យ​ទំនិញ​ជាច្រើន​មុខ​ត្រូវ​ឡើងថ្លៃ​តាម ក្នុង​គ្រា​ដែល​ប្រាក់​យេន​របស់ ជប៉ុន ក៏​ធ្លាក់​ថ្លៃ ធៀប​នឹង​ប្រាក់​ដុល្លារ​របស់ អាម៉េរិក ធ្វើឱ្យ​ទំនិញ​នាំចូល ក៏​ប្រែ​ទៅជា​ឡើងថ្លៃ​កាន់តែ​ខ្ពស់។

បញ្ហា​ទាំងឡាយ​ខាងលើនេះ កំពុង​រុញច្រាន​ការចំណាយ​ក្នុង​គ្រួសារ​នៅ ជប៉ុន កើនឡើង​ខ្ពស់ គ្រា​ដែល​ល្បឿន​នៃ​ការដំឡើង​ប្រាក់ខែ​នៅតែ​យឺតយ៉ាវ។ ស្ថានភាព​នេះ​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ល្បឿន​នៃ​ការ​ងើបឡើង​នៃ​​សេដ្ឋកិច្ច​របស់ ជប៉ុន ក្រោយ​យុគសម័យ​វិបត្តិ​កូ​វីដ-១៩៕

Advertisement