ក្រុមហ៊ុន​មួយ​របស់​ចិន ក្លាយជា​អ្នក​វិនិ​យោគ​ធំជាងគេ​​​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ហុង​គ្រី

កិច្ច​ចរចា​រវាង ក្រុម​ហ៊ុនចិន និង​អាជ្ញាធម៌ហុងគ្រី

ក្រុមហ៊ុន CATL បានសម្រេច​ចិត្ត​បោះទុន​វិនិយោគ ៧.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅក្នុង​គម្រោង​សាងសង់​រោងចក្រ​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​មួយ​សម្រាប់ផ្គត់​ផ្គង់​ដល់​បណ្ដា​​រោង​ចក្រ​ផលិត​រថយន្ត​នៅ ប្រទេស​ហុង​គ្រី។

កាលពី​ចុង​សប្ដាហ៍​កន្លង ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្ទុក​ថាមពល Contemporary Amperex Technology Co. Limited (CATL) របស់​ ចិន បាន​ក្លាយជា​អ្នកវិនិយោគ​ធំជាងគេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ប្រទេស​ហុង​គ្រី នៅពេល​ភាគី​ទាំងពីរ​សម្រេចបាន​កិច្ចព្រមព្រៀង​សហការ​ដែលមាន​តម្លៃ ៧.៦ ពាន់​លាន​ដុល្លារ ក្រោយពី​ការចរចា​ជាង ២ ឆ្នាំ។

នៅលើ​ទំព័រ​បណ្ដាញ​សង្គម​របស់ខ្លួន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី Peter Szijjarto បានឱ្យដឹងថា ក្រុមហ៊ុន CATL បានសម្រេច​ចិត្ត​វិនិយោគ ៧.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ​ទៅក្នុង​គម្រោង​សាងសង់​រោងចក្រ​ផលិត​ថ្ម​ផ្ទុក​ថាមពល​មួយ ​សម្រាប់​ផ្គត់ផ្គង់​ដល់​បណ្ដា​​រោងចក្រ​ផលិត​រថយន្ត​នៅ ហុង​គ្រី។ នេះ​ក៏​ជា​ខ្ទង់​វិនិយោគ​ទៅលើ​វិស័យ​ថាមពលបៃតង​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ ប្រទេស​ហុង​នេះ​។

នៅក្នុង​ប្រកាស​មួយ CATL ក៏បាន​ឱ្យដឹងថា ក្រុមហ៊ុន​នេះ​នឹង​សាងសង់​រោងចក្រ​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី ១០០ GWh នៅ Debrencen ភាគ​ខាងកើត​នៃ ប្រទេស​ហុង​គ្រី។ Debrencen គឺជា​ទីរួមស្រុក​ធំ​ទី​ពីរ​នៅ ហុង​គ្រី និង​ស្ថិតនៅ​ចំ​កណ្ដាល ទ្វីបអឺរ៉ុប។

មជ្ឈមណ្ឌល​ពិព័រណ៍មួយ​នៅ អឺរ៉ុប របស់ក្រុមហ៊ុនចិន CATL

រោងចក្រ​ថ្មី​នេះ​នឹង​ផ្គត់ផ្គង់​គ្រឿងបន្លាស់​ជាដើម ទៅឱ្យ​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ អឺរ៉ុប ដូចជា Mercedes-Benz, BMW, Stellantis និង Volkswagen។ល។ រោងចក្រ​នេះ​មាន​ផ្ទៃក្រឡា​ប្រហែល ២២១ ហិកតា និង​ជា​រោងចក្រ​ទី​ពីរ​របស់ CATL នៅ អឺរ៉ុប បន្ទាប់ពី​រោងចក្រ​មួយ​នៅ ប្រទេស​អាល្លឺម៉ង់។ ការសាងសង់​រោងចក្ររបស់ CATL នៅ Debrecen គ្រោង​នឹង​ចាប់ផ្ដើម​ក្នុងឆ្នាំនេះ។

គម្រោង​ថ្មី​នេះ​កំពុងតែ​ជួយ​ឱ្យ ហុង​គ្រី ក្លាយជា​មជ្ឈមណ្ឌល​ធំ​មួយ​ទាក់ទង​នឹង​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ អឺរ៉ុប។ Debrecen គឺជា​តំបន់​ដែលមាន​រោងចក្រ​ជាច្រើន​កំពុង​ត្រូវបាន BMW សាងសង់ ខណៈដែល​ក្រុមហ៊ុន Audi មាន​រោងចក្រ​នៅ Gyor ភាគ​ខាងលិច​របស់ ហុង​គ្រី និង​ក្រុមហ៊ុន Mercedes-Benz មាន​រោងចក្រ​នៅ Kecskemet ភាគ​កណ្ដាល​នៃ​ប្រទេស៕

Advertisement