ជើងរថភ្លើងដំបូងរវាងខេត្ត Shanxi របស់ ចិន និង ឡាវ ចាប់ផ្ដើមដំណើរការហើយ

ខេត្ត Shanxi ប្រទេស​ចិន ទើបតែ​ចាប់​ផ្ដើម​​ដំណើរការ​ខ្សែ​​រថភ្លើង​ដឹកទំនិញ​អន្តរជាតិ​ដំបូងរបស់​ខ្លួន​ដែល​​រត់​នៅ​លើ​​​ផ្លូវដែក ចិន-ឡាវ។

យោងតាម​ក្រុមហ៊ុន​ផ្លូវដែក Taiyuan Group របស់ ចិន រថភ្លើង​បានចេញ​ដំណើរ​ពី​ខេត្ត Shanxi និង​គ្រោង​ទៅដល់ រដ្ឋធានី​វៀងចន្ទន៍ របស់ ឡាវ ក្នុង​រយៈពេល ៧ ថ្ងៃ​ទៀត។ រថភ្លើង​នេះ​ដឹកទំនិញ​មួយចំនួន ក្នុងនោះ​មាន​ទាំង​ជី និង​ថ្នាំលាប​ផងដែរ។

ខ្សែ​រថភ្លើង​ដឹកទំនិញ​អន្តរជាតិ​ថ្មី​ដែល​ទើប​តែ​បាន​សម្ពោធ​បើក​ដំណើរការ​នៅក្នុង​ខេត្ត Shanxi ប្រទេស​ចិន នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​សម្រួល ​ពង្រីក​ការតភ្ជាប់​ក្នុង​វិស័យ​ដឹកជញ្ជូន​រវាង​តំបន់​នានា​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ ASEAN ក៏ដូចជា​ដើរតួនាទី​ក្នុងការ​ជំរុញ​ការដោះដូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ទាំងនេះ។

ចាប់ផ្ដើម​ដំណើរការ​កាលពី​ថ្ងៃទី ០៣ ធ្នូ ២០២១ ផ្លូវដែក​ឡា-ចិន នេះ មាន​ប្រវែង ១,០០០ គីឡូម៉ែត្រ ត​ភ្ជាប់​ទីក្រុង​រដ្ឋបាល Kunming របស់​ខេត្ត Yunnan នៅ​ភាគ​និរតី​នៃ ប្រទេស​ចិន ជាមួយនឹង រដ្ឋធានី​វៀងចន្ទន៍ របស់ ឡាវ។

ផ្លូវដែក​នេះ​ត្រូវបាន​គេ​វាយតម្លៃថា​ជា​គម្រោង​ដ៏​ធំ​មួយ ដែល​មិន​ត្រឹមតែ​ជួយ​ជំរុញ​ការធ្វើដំណើរ និង​ទេសចរណ៍​នោះទេ តែ​ថែមទាំង​បង្ក​ភាពងាយស្រួល​ដល់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន កាត់បន្ថយ​ពេលវេលា និង​ការចំណាយ​ទៅលើ​ការដឹកជញ្ជូន​ផងដែរ។

មុន​នោះ កាលពី​ថ្ងៃទី ០៣ ធ្នូ ២០២១ ក្រោយពី​ពិធី​សម្ពោធបើក​ដំណើរ​ការ​ជា​ផ្លូវ​ការ ជើង​រថភ្លើង​ដឹកទំនិញ​ដំបូង​នៃ​ផ្លូវដែក​ល្បឿន​លឿន​លេខ ១ នៅ ឡាវ ក៏​បានចេញ​ដំណើរ។ ទំនិញ​ដែល​ត្រូវបាន​ដឹក​តាម​ជើង​រថភ្លើង​នេះ​គឺជា​ជីរ​បស់​ក្រុមហ៊ុន​ចិន-ឡាវ។

ផ្លូវដែក​ល្បឿន​លឿន​ដំ​បូ​ង​គេ​បង្អស់​នៅ ប្រទេស​ឡាវ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​​កាលពី​ឆ្នាំ ២០១៦ ដោយមាន​ទុន​វិនិយោគ​ប្រហែល ៥.៩៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ផ្លូវដែក​ឡាវ-ចិន នេះ មាន​ប្រវែង ៤១៤ គីឡូម៉ែត្រ នៅក្នុង ប្រទេស​ឡាវ និង ១,០៣៥ គីឡូម៉ែត្រ នៅក្នុង ប្រទេស​ចិន។

គម្រោង​នេះ ភាគច្រើន​ត្រូវបាន​អនុវត្ត​ដោយ​សាជីវកម្ម​​ផ្លូវដែកជាតិ​​ចិន (CNRG) និង​ជា​ផ្លូវដែក​មួយ​គន្លង​ដែល​ស្ថាបនា​ទៅតាម​ស្ដង់ដា​របស់ ប្រទេស​ចិន៕

 

Advertisement