តម្លៃ​ប្រេង​នៅ អាស៊ី កើន ក្នុង​ថ្ងៃទី ១៨ កក្កដា ដោយសារ​ប្រភព​ផ្គត់ផ្គង់​ត្រូវបាន​រឹតបន្តឹង

ឃ្លាំង​ប្រេង​មួយ​កន្លែង​នៅ​ ប្រទេស​ចិន

ក្នុងការ​ជួញដូរ​នា​ថ្ងៃទី ១៨ កក្កដា តម្លៃ​ប្រេង​នៅ អាស៊ី មានការ​កើនឡើង ដោយសារតែ ប្រាក់​ដុល្លារ​អាម៉េរិក ធ្លាក់​ថ្លៃ និង​ប្រភព​ផ្គត់ផ្គង់​ត្រូវបាន​រឹតបន្តឹង ដែល​នេះ​បាន​ជួយ​ទប់​ទល់នឹង​ក្ដីបារម្ភ​អំពី​ឱនភាព​សេដ្ឋកិច្ច រួម​នឹង​លទ្ធភាព​នៃ​ការដាក់​បម្រាម​គោចរ​ទាក់ទិន​នឹង​បញ្ហា​កូ​វីដ-១៩ នៅ ប្រទេស​ចិន។

នៅវេលា​ម៉ោង​ប្រហែល ១៣ និង ៥០ នាទី (នៅ កម្ពុជា) តម្លៃ​ប្រេង Brent ប្រគល់​ក្នុង​ខែកញ្ញា កើន ២.៥៤ ដុល្លារ​អាម៉េរិក (២.៥%) និង​ត្រូវបាន​លក់​ក្នុងតម្លៃ ១០៣.៧ ដុល្លារ/ធុង។ ចំណែក​ប្រេង WTI ប្រគល់​ក្នុង​ខែសីហា ឡើងថ្លៃ ២.៣១ ដុល្លារ (២.៤%) និង​លក់​ក្នុងតម្លៃ ៩៩.៩០ ដុល្លារ/ធុង។

កាលពី​សប្ដាហ៍​កន្លង តម្លៃ​ប្រេង Brent និង WTI បាន​ធ្លាក់​ថ្លៃ​មក​នៅ​ទាប​បំផុត​បើ​គិត​តាម​សប្ដាហ៍​នៅក្នុង​អំឡុង​ប្រហែល​មួយខែ​កន្លង ដោយសារតែ​ការបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច។ ទន្ទឹមនឹង​មូលហេតុ​ខាងលើ ការដែល​តំបន់​ជាច្រើន​នៅ ប្រទេស​ចិន បន្ត​ស្នើឱ្យ​ធ្វើតេស្ត​កូ​វីដ-១៩ ក្នុង​ទ្រង់ទ្រាយ​ធំ ក៏បាន​បណ្ដាលឱ្យមាន​ក្ដីបារម្ភ​អំពី​តម្រូវការ​ប្រើប្រាស់​ប្រេងសាំង​ថត​ចុះ​នៅ​ប្រទេស​នេះ​ផងដែរ។

ក៏ប៉ុន្តែ ព្រោះតែ​ប្រភព​ផ្គត់ផ្គង់​នៅតែ​ត្រូវបាន​រឹតបន្តឹង ដូចនេះ តម្លៃ​ប្រេង​ក៏​មិនអាច​បន្ត​ធ្លាក់​ថ្លៃ។ ដំណើរ​ទស្សនកិច្ច​រប​ស់ ប្រធានាធិបតី​អាម៉េរិក ទៅកាន់ មជ្ឈិមបូព៌ា ពិសេស​គឺ អា​រ៉ា​ប៊ី​សា​អូឌីត មិន​ទទួលបាន​ផ្លែផ្កា​អ្វី​ទាក់ទង​នឹង​បរិមាណ​ប្រេង។ អង្គការ​នៃ​បណ្ដា​ប្រទេស​នាំចេញ​ប្រេង (OPEC) មិនបាន​សន្យា​លើ​ការបង្កើន​បរិមាណ​ប្រេង។

Advertisement