ឡាវ ដំឡើង​ប្រាក់ខែ​អប្បបរមា​ដល់ក​ម្មករ​និយោជិត ដើម្បី​ជួយ​ទប់​ទល់នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ

ស្ថានភាពនៃការចំណាយប្រចាំថ្ងៃនៅ ប្រទេសឡាវ បាន និងកំពុងកើនឡើងខ្ពស់

ក្នុងការ​ប្រឹងប្រែង​ដើម្បី​ប៉ះប៉ូវ​មួយផ្នែក​នៃ​ការចំណាយ​ប្រចាំថ្ងៃ​ដែល​កំពុងតែ​កើនឡើង រដ្ឋាភិបាល​ឡាវ បានសម្រេច​ចិត្ត​ដំឡើង​ប្រាក់ខែ​អប្បបរមា​ដល់ក​ម្មករ​និយោជិត​ដែល​កំពុងធ្វើការ​ក្នុង​វិស័យ​ឯកជន។

កាលពី​ចុង​សប្ដាហ៍​កន្លង ក្រសួង​ការងារ និង​សង្គមកិច្ច​ឡាវ បានឱ្យដឹងថា ការដំឡើង​ប្រាក់ខែ​នឹងត្រូវ​បានធ្វើ​ឡើងជា​ពីរ​ដំណាក់កាល ក្នុងនោះ ដំណាក់កាល​ទីមួយ ប្រាក់ខែ​អប្បបរមា​នឹងត្រូវ​បាន​ដំឡើង​ពី ១.១ លាន​គីប/ខែ ឡើងដល់ ១.២ លាន​គីប/ខែ (ប្រហែល​ពី ៧៣ ទៅ ៨០ ដុល្លារ/ខែ) ចាប់ពី​ថ្ងៃទី ១ សីហា ២០២២ ខណៈដែល​ដំណាក់កាល​ទី​ពីរ នឹង​ដំឡើង​ពី ១.២ លាន​គីប/ខែ ឡើងដល់ ១.៣ លាន​គីប/ខែ (៨០ ទៅ ៨៦ ដុល្លារ/ខែ) ចាប់ពី​ថ្ងៃទី ១ ឧសភា ២០២៣។

ការដំឡើង​ប្រាក់ខែ​អប្បបរមា​នេះ​ត្រូវបាន​ការិយាល័យ​រដ្ឋាភិបាល​ឡាវ ប្រកាស​តាំងពី​ថ្ងៃទី ១៣ មិថុនា និង​អនុវត្ត​ចំពោះ​បណ្ដា​រោងចក្រ​វាយនភ័ណ្ឌ និង​រោងចក្រ​ឯកជន​នានា​នៅ​ប្រទេស​នេះ។ ការមិន​គោរព​តាម​សេចក្ដីសម្រេច​នេះ និយោជក​នឹងត្រូវ​ប្រឈម​នឹង​ការប្ដឹង​ឡើង​តុលាការ​ទៅតាម​ច្បាប់។

មន្ត្រី​នៃ អង្គការ​អន្តរជាតិ​សម្រាប់​ការ​ធ្វើចំណាក​ស្រុក​ និង​ ក្រសួង​ការ​ងារ​ និង​កម្មកិច្ច​ឡាវ នៅ​ក្នុង​រោង​ចក្រ​មួយ​ក្នុង​ រដ្ឋធានី​វៀងចន្ទន៍​ កាលពី​ឆ្នាំ​កន្លង

មន្ត្រីជាន់ខ្ពស់​មួយរូប​របស់ ក្រសួង​ការងារ​ឡាវ បានឱ្យដឹងថា ការដំឡើង​ប្រាក់ខែ​នេះ​គឺជា​រឿង​ចាំបាច់​នៅក្នុង​ស្ថានភាព​ដែល​ការចំណាយ​ប្រចាំថ្ងៃ​នៅ ប្រទេស​ឡាវ បាន និង​កំពុង​កើនឡើង​ខ្ពស់។

យោងតាម Vientiane Times រដ្ឋាភិបាល​ឡាវ បាន​ដំឡើង​ប្រាក់ខែ​អប្បបរមា​ដំបូង​កាលពី​ឆ្នាំ ១៩៩១។ ក្នុង​ឆ្នាំ ២០២១ ប្រាក់ខែ​អប្បបរមា​ត្រូវបាន​ដំឡើង​ពី ៣៤៨,០០០ គីប/ខែ ឡើងដល់ ៦២៦,០០០ គីប/ខែ។ ឆ្នាំ ២០១៥ ប្រាក់ខែ​អប្បបរមា​បាន​ឡើងដល់ ៩០០,០០០ គីប/ខែ ហើយ​ឆ្នាំ ២០២០ បាន​ឡើងដល់ ១.១ លាន​គីប/ខែ៕

Advertisement