គម្រោង​បើកផ្លូវ​រថយន្តក្រុង​ត​ភ្ជាប់​ពី ប្រទេស​ថៃ ទៅកាន់ ប្រទេស​ឡាវ និង វៀតណាម

យោងតាម​ទំព័រ Laotiantimes កាលពី​ថ្ងៃទី ២៣ មិថុនា អាជ្ញាធរ​ថៃ កំពុង​ពិភាក្សា​ជាមួយ ឡាវ និង វៀតណាម ស្ដីពី​គម្រោង​បើកផ្លូវ​រថយន្តក្រុង​ថ្មី ដែល​ត​ភ្ជាប់​តំបន់​ល្បីឈ្មោះ​នានា​របស់​ប្រទេស​ទាំង ៣ នេះ។

ទីភ្នាក់ងារសារព័ត៌មាន​ខាងលើ​បានឱ្យដឹងថា រាជរដ្ឋាភិបាល​ថៃ បាន​យល់ស្រប​ចំពោះ​ការចរចា​ដើម្បី​ជំរុញ​ការបើកផ្លូវ​សម្រាប់​រថយន្តក្រុង​ដែល​នឹង​ត​ភ្ជាប់ ៣ ប្រទេស គឺ ថៃ ឡាវ និង វៀតណាម តាមរយៈ​ផ្លូវ R12 ពី Nakhon Phanom (នគរ​ភ្នំ ប្រទេស​ថៃ) ទៅកាន់​ទីរួមស្រុក Thakhek នៃ ខេត្ត Khammouane (ខាំ​មួន ភាគ​កណ្ដាល​ប្រទេស​ឡាវ) និង ខេត្ត Ha Tinh (ហា​ទិញ ប្រទេស​វៀតណាម)។ ចម្ងាយ​ផ្លូវ​ពី ខេត្ត​នគរ​ភ្នំ ទៅដល់ ខេត្ត​ហា​ទិញ គឺ​ប្រហែល ៣០០ គីឡូម៉ែត្រ។

ក្រសួង​ដឹកជញ្ជូន​ថៃ ឱ្យដឹងថា ក្រសួង​នេះ​កំពុងតែ​ប្រឹងប្រែង​ជំរុញ​ដំណើរការ​បើកផ្លូវ​មួយ​ខ្សែ​នេះ ក្នុងនោះ​រួមមាន​ការស្នើ​ឱ្យ ឡាវ បើក​កិច្ចប្រជុំ​ត្រីភាគី​ជា​លើក​ទី​ពីរ​កាន់តែ​ឆាប់​កាន់តែ​ល្អ ដើម្បី​ពិភាក្សា​អំពី​រូបមន្ត​នៃ​សេវាកម្ម និង​បង្កើត​កិច្ចព្រមព្រៀង​ផ្លូវការ​ទាក់ទិន​នឹង​ផ្លូវ​រថយន្តក្រុង​នេះ។

យោងតាម​សារព័ត៌មាន Laotiantimes ប្រទេស​ទាំង ៣ ដែលមាន​វប្បធម៌ សិល្បៈ ប្រាង្គ​ប្រាសាទ និង​ទីតាំង​សាសនា ក៏ដូចជា​បេតិកភណ្ឌ​ធម្មជាតិ​ជាច្រើន​ដែល​ទាក់ទាញ​ចំណាត់​អារម្មណ៍​របស់​ទេសចរ​ក្នុង​តំបន់ និង​ពិភពលោក៕

Advertisement