ក្រុមហ៊ុន​ជប៉ុន​មួយចំនួន កំពុង​ស្នើសុំ​បង្កើត​រោងចក្រ​ផលិត​​​អគ្គិសនី ដើរ​​ដោយ​ឧស្ម័ន​ធម្មជាតិ និង​ពន្លឺព្រះអាទិត្យ​នៅ កម្ពុជា

រាជរដ្ឋាភិបាល​ជប៉ុន បញ្ជាក់ថា នឹង​ជួយ​ជំរុញ​កំពង់ផែ​ក្រុងព្រះសីហនុ ឱ្យក្លាយ​ទៅជា​កំពង់ផែ ស្នូល របស់ កម្ពុជា នេះ​បើតាម ឯកឧត្ដម អ៊ាង សុផ្លែត ជំនួយការ​ផ្ទាល់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។

ព័ត៌មាន​នេះ​ត្រូវ​បានលើកឡើង​បន្ទាប់ពី សម្ដេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឱ្យ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ នៅឯ​គេហដ្ឋាន​របស់ សម្ដេច នាទី​ក្រុង​តាខ្មៅ ខេត្តកណ្ដាល។

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ក្រុមហ៊ុន​របស់​ជប៉ុន​មួយចំនួន កំពុងតែ​ស្នើសុំ​បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី ដោយ​ឧស្ម័ន​ធម្មជាតិ និង​ពន្លឺព្រះអាទិត្យ​នៅ កម្ពុជា។

ជាង​នេះ ឯកឧត្ដម MIKAMI Masahiro ក៏បាន​បញ្ជាក់ថា ប្រទេស​ជប៉ុន គាំទ្រ និង​ជួយ​ជំរុញ​កំពង់ផែ​ក្រុងព្រះសីហនុ របស់ កម្ពុជា ឱ្យក្លាយ​ទៅជា​កំពង់ផែ​សំខាន់បំផុត​របស់​ប្រទេសជាតិ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ថ្លែងអំណរគុណ​ចំពោះ ប្រទេស​ជប៉ុន ដែល​បាន​ផ្ដល់ជំនួយ និង​ការគាំទ្រ​ដល់ កម្ពុជា នាពេល​កន្លង ក៏ដូចជា​នាពេលខាងមុខ៕

Advertisement