កម្ពុជា ប្រកាស​បើក​ប្រទេស​លើ​គ្រប់​វិស័យ​ឡើងវិញ​ជាបណ្តើរៗ

សម្តេច​តេ​ជោ ហ៊ុនសែន ប្រកាស​បើក​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​លើ​គ្រប់​វិស័យ​ជាបណ្តើរៗ ចាប់ពី​ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 នេះ​តទៅ ដោយ​ការរស់នៅ​តាម​ប្រក្រតីភាព​ថ្មី ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

នា​វិមាន​សន្តិភាព ក្នុង​ពិធី​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 សម្រាប់​ពលរដ្ឋ​ដែលមាន​អាយុ 6 ឆ្នាំ​ឡើង និង​បើក​យុទ្ធនា​ការចាក់​សម្រាប់​ក្មេង​អាយុ 5 ឆ្នាំ នា​ព្រឹក​ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​មានប្រសាសន៍ថា៖ «ថ្ងៃនេះ​ជាមួយនឹង​ការប្រកាស​បិទ​បញ្ចប់​ជា​ផ្លូវការ​នូវ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ជុំទីមួយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស យើង​ក៏​ប្រកាស​បើក​ទំព័រ​ថ្មី​មួយទៀត គឺ​ការរស់នៅ​ជាមួយ COVID-19 ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រក្រតីភាព​ថ្មី តាមរយៈ​ការបើក​ឡើងវិញ​ជាបណ្តើរៗនូវ​សកម្មភាព​សង្គម-សេដ្ឋកិច្ច និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​គ្រប់ផ្នែក និង​គ្រប់​វិស័យ ប្រសិនបើ​មិនមាន​ប្រភេទ​វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី​ដែល​អាច​បង្ក​ជា​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​ឡើងវិញ​ដល់​សុខភាព​សាធារណៈ​នោះទេ យើង​អាច​វាយតម្លៃ​បាន​ថា ប្រទេសជាតិ​យើង​ទាំងមូល​កំពុង​ចាប់ផ្ដើម​ចាក​ចេញពី​វិបត្តិ​នៃ COVID-19 នេះ ក្នុង​ភាពរឹងមាំ ត្រឡប់​ទៅរក​មាគ៌ា នៃ​កំណើន និង​ការអភិវឌ្ឍ»។

គិត​ត្រឹម​ថ្ងៃទី 31 ខែតុលា ឆ្នាំ 2021 ការចាក់​វ៉ាក់សាំង​នៅ ​កម្ពុជា រួមមាន ទីមួយ៖ អាយុ 18 ឆ្នាំ ឡើងទៅ ចាក់​បាន 100%, ទី​ពីរ៖ អាយុ 12 ឆ្នាំ ដល់ 17 ឆ្នាំ ចាក់​បាន 97.89% និង​ទី​បី៖ អាយុ​ចាប់ពី 6 ឆ្នាំ ដល់ 11 ឆ្នាំ ចាក់​បាន 101.22%។

Advertisement