ចាន​បុរាណ​ចិន​ដែល​ទិញ​ពី​កន្លែង​លក់ទំនិញ​មួយ​ទឹក ពេលនេះ​លក់បាន​ជាង​ 700,000ដុល្លារ​អាមេរិក

ចាន​ធ្វើ​អំពី​ប៉​សឺ​ឡែ​ន​ពណ៌​ស​ជំនាន់​រាជវង្ស​មីង​នៃ​ប្រទេស​ចិន ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​កន្លែង​លក់​វត្ថុ​មួយ​ទឹក​​ ដែល​មាន​ទី​តាំង​នៅ​សហរដ្ឋ​អាមេរិក ត្រូវបាន​លក់​ក្នុងតម្លៃ​ជាង 722,000ដុល្លារ​អាមេរិក ខ្ពស់ជាង​ការ​ព្យាករ​ទៅទៀត។

ចាន​ពណ៌​ស​មួយ​ដែលមាន​រចនា​រូបភាព​ស្លឹកឈើ​ពណ៌​ទឹកសមុទ្រ​ដ៏​ស្រស់ស្អាត ស្ថិតក្នុង​ចំណោម​ស្នាដៃ​សិល្បៈ​ចិន ត្រូវបាន Sotheby’s ដាក់លក់​ដេញថ្លៃ​កាលពី​ថ្ងៃទី 17 មីនា 2021 នៅក្នុង​ព្រឹត្តិការណ៍ Asia Week។ Sotheby’s គឺជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ធំជាងគេ​មួយ​នៅលើ​ពិភពលោក ទាក់ទង​នឹង​សិល្បៈ​លម្អ គ្រឿងអលង្ការ អចលនទ្រព្យ និង​វត្ថុ​បុរាណ។ អត្តសញ្ញាណ​របស់​អ្នកលក់ និង​អ្នកទិញ​ចាន​បុរាណ​ខាងលើ មិនត្រូវ​បាន​គេ​បង្ហើប​ឱ្យដឹង​នោះទេ។

ក្រុម​អ្នកជំនាញ​បានឱ្យដឹងថា ចាន​បុរាណ​នេះ​ត្រូវបាន​ផលិតឡើង​សម្រាប់តែ​រាជវាំង​របស់​មហាក្សត្រ Yongle (ព្រះនាម​ផ្ទាល់ខ្លួន​គឺ Zhu Di) ដែលជា​ស្ដេច​ទី​បី​របស់​រាជវង្ស​មីង សោយរាជ​ចាប់ពី​ឆ្នាំ 1402 ដល់ 1424។ នេះ​គឺជា​ចាន​បុរាណ 1 ក្នុងចំណោម 7 ដែល​នៅមាន​នៅលើ​ពិភពលោក។ កាលពី​ខែ​មុន ចាន​បុរាណ​នេះ ត្រូវបាន​អ្នក​ស្រលាញ់​វត្ថុ​បុរាណ​ម្នាក់​ទិញ​ពី​កន្លែង​លក់ទំនិញចាស់ៗមួយកន្លែង​ដែល​ស្ថិតនៅក្នុង​រដ្ឋ Connecticut ភាគ​ឦសាន​នៃ​សហរដ្ឋអាមេរិក ក្នុងតម្លៃ 35ដុល្លារ។

អ្នកទិញ​ខាងលើ ក្រោយមក​ក៏បាន​ផ្ញើ​ព័ត៌មាន និង​រូបថត​តាម​អ៊ី​មេ​ល​ទៅកាន់ Sotheby’s ដើម្បី​ស្នើ​ឱ្យជួយ​វាយតម្លៃ។ Sotheby’s បាន​បញ្ជាក់ថា ចាន​នេះ​មាន​តាំងពី​អំឡុង​ឆ្នាំ 1400 នៃ​គ្រិស្តសករាជ​មកម្ល៉េះ។

បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា ហេតុអ្វី​បានជា​ចាន​បុរាណ​នេះ​អាចមាន​វត្តមាន​នៅក្នុង​តំបន់​លក់ទំនិញ​មួយ​ទឹក​នៅក្នុង​រដ្ឋ Connecticut នៅឡើយ។ Angela McAteer ដែលជា​អ្នកគ្រប់គ្រង​ផ្នែក​ស្នាដៃ​សិល្បៈ​ចិន​របស់​ក្រុមហ៊ុន Sotheby’s បានឱ្យដឹងថា ចាន​នេះ​ប្រហែលជា​ត្រូវបាន​គ្រួសារ​មួយ​រក្សាទុក​ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយ ហើយ​​ពួកគេ​មិនបាន​ដឹង​អំពី​តម្លៃពិត​របស់​វា។

កន្លងមក មុនពេល​ដាក់លក់​ដេញថ្លៃ Sotheby’s ព្យាករ​ថា ចាន​នេះ​មានតម្លៃ​ចាប់ពី 300,000 ដល់ 500,000​ដុល្លារ​អាមេរិក។ ប៉ុន្តែ ជាក់ស្ដែង​ពេលនេះ វា​ត្រូវបាន​គេ​ទិញ​ក្នុងតម្លៃ​ជាង 722,000ដុល្លារ​អាមេរិក។

ចាន​ចំនួន 5 ក្នុងចំណោម​ចាន​ដែល​ត្រូវបាន​គេ​ស្គាល់ កំពុងស្ថិត​ក្នុង​សារមន្ទីរ រួមមាន៖ 2 នៅ​កោះ​តៃវ៉ាន់, 2 នៅ​​ក្រុង​ឡុង​ដ៍​នៃ​ប្រទេស​អង់គ្លេស និង 1 នៅ​ទីក្រុង​តេ​ហេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់៕

ព័ត៌មាន​ទាក់​ទង​> ចាន​បុរាណ​ចិន​នៅ​អាមេរិក ត្រូវគេ​​ទិញ​​ក្នុង​តម្លៃ 35ដុល្លារ តែ​លក់​វិញ​តម្លៃ 500,000ដុល្លារ

ប្រភព៖ AP, CNN
ប្រែ​សម្រួល៖ បុត្រា

Advertisement