ភោជនីយដ្ឋាន​បម្រើ «ភេសជ្ជ​ដាក់​ក្នុង​ដប​ទឹក​គោ​កូនក្មេង» មានការ​ពេញនិយម​ក្នុង​តំបន់​ឈូ​ត​សមុទ្រ​ពែ​ក្ស ប៉ុន្តែ​រង​ការរិះគន់​ធ្ងន់ធ្ងរ

ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​ជាច្រើន​កន្លែង​នៅក្នុង​បណ្ដា​ប្រទេស​នៃ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស (Persian Gulf/Arabian Gulf) កំពុង​ប្រឈម​នឹង​ការរិះគន់​ពី​សាធារណជន ព្រោះតែ​យក​ដប​ទឹក​គោ​កូនក្មេង​មក​ដាក់​កាហ្វេ​សម្រាប់​បម្រើ​អតិថិជន។

សារព័ត៌មាន AP របស់​សហរដ្ឋអាមេរិក បាន​ចុះផ្សាយ​ថា ការនិយម​ខាងលើ​បានកើត​ឡើង​ពី​យីហោ​កាហ្វេ​ដែលមាន​ឈ្មោះថា Einstein ដែលមាន​ភោជនីយដ្ឋាន​ជាច្រើន​នៅ​ពាសពេញ​តំបន់​នេះ ចាប់ពី​ទីក្រុង Dubai របស់​អារ៉ាប់​រួម រហូតដល់​ប្រទេស​គុយ​វ៉ែត និង​បា​រ៉ែ​ន។ ជំនួស​ឱ្យ​ការប្រើប្រាស់​កែវ​ក្រដាស​ធម្មតា ហាង​កាហ្វេ Einstein បែរជាយក​ដប​ទឹកដោះគោ​កូនក្មេង​មក​ដាក់​កាហ្វេ​ទៅវិញ។

ភេសជ្ជៈ​របស់​ហាង​កាហ្វេ Einstein ក៏មាន​មុខ​ខ្លះ​មានឈ្មោះ​ទាក់ទង​នឹង​អាហារ​របស់​កូនក្មេង ដោយ​វា​មាន​លាយ​ទឹកដោះគោ​ក្រឡុក​ជាមួយ​ម្សៅ​បបរ​កូនក្មេង និង​ម្សៅ​អង្ករ។ល។ ទាំងនេះ​សុទ្ធតែ​បាន​ក្លាយជា​ភេសជ្ជ​ពេញនិយម​នៅ​បណ្ដា​ហាង​ខាងលើ។

នាយក​ប្រតិបត្តិ​របស់ Einstein ប្រចាំ​អារ៉ាប់​រួម (UAE) នាង Younes Molla បានឱ្យដឹងថា៖ «គ្រប់គ្នា​សុទ្ធតែ​ចង់​ទិញ​ភេសជ្ជៈ​ដែល​ដាក់​នៅក្នុង​ដប​ទឹក​គោ​កូនក្មេង។ ពួកគេ​និយាយថា នឹង​មក​ហាង​របស់​យើង​ជាមួយនឹង​មិត្តភក្ដិ ឪពុកម្ដាយ។ Covid-19 កើតឡើង​ជាច្រើន​ខែ និង​បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន គ្រប់គ្នា​ក៏​ចង់​សប្បាយរីករាយ។ ពួកគេ​នាំគ្នា​ថតរូប និង​រំលឹក​អនុស្សាវរីយ៍​កាលពី​នៅ​វ័យ​កុមារ»។

អតិថិជន​ជាច្រើន​បាន​សុខចិត្ត​ឈរ​តម្រង់​ជួរ​រង់ចាំ​នៅ​ហាង Einstein ដើម្បី​បាន​ញ៉ាំ​ទឹក​ផ្លែឈើ ឬ​កាហ្វេ​ដែល​ដាក់​ក្នុង​ដប​ទឹកដោះគោ​កូនក្មេង។ អតិថិជន​មួយចំនួនទៀត ថែមទាំង​យក​ដប​ទឹកដោះគោ​របស់កូនៗពួកគេ​មកកាន់​ភោជនីយដ្ឋាន​យើង។

រូបភាព​ស្ដីអំពី​ដប​ទឹកដោះគោ​ដែលមាន​ពណ៌​ចម្រុះ​របស់​យីហោ Einstein ទទួលបាន​ការ​ចុច​ចូលចិត្ត​រាប់ម៉ឺន​នៅលើ​បណ្ដាញ​សង្គម Instagram និង TikTok។ល។

ក៏ប៉ុន្តែ នៅ​មានមតិ​ជាច្រើន​រិះគន់ថា រូបភាព​ជំនួញ​នៃ​យីហោ Einstein ខាងលើ មិន​សមស្រប​ជាមួយនឹង​វប្បធម៌​របស់​អ៊ីស្លាម​សាសនា។ ជាង​នេះ នៅក្នុង​ខែមីនា 2021 អាជ្ញាធរ​នៃ​ទីក្រុង Dubai ថែមទាំង​បានមក​កាន់​ភោជនីយដ្ឋាន​ដើម្បី​ធ្វើករ​ពិន័យ​ផងដែរ។

ប្រទេស​អារ៉ាប់​រួម (UAE) បានប្រកាសថា៖ «ការប្រើប្រាស់​ដប​ទឹក​គោ​កូនក្មេង មិន​ត្រឹមតែ​ផ្ទុយទៅនឹង​វប្បធម៌ និង​ទំនៀមទម្លាប់​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ធ្វើឱ្យមាន​ហានិភ័យ​ឆ្លង​រាលដាល​វីរុស Covid-19 ទៀតផង»។

រដ្ឋាភិបាល​គុយ​វ៉ែត​ឯណោះ​វិញ ក៏បាន​បិទ​ភោជនីយដ្ឋាន Einstein ជា​បណ្ដោះអាសន្ន​ផងដែរ ខណៈដែល​ប៉ូលិស​នៃ​ប្រទេស​បា​រ៉ែ​ន​ប្រដាប់​ដោយ​កាមេរ៉ា បានមក​កាន់​ភោជនីយដ្ឋាន​ដែលមាន​បម្រើ​ភេសជ្ជៈ​ដាក់​ក្នុង​ដប​ទឹកដោះគោ​កូនក្មេង និង​បាន​ព្រមាន​អតិថិជន​ថា ពួកគេ «រំលោភ​លើ​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​បា​រ៉ែ​ន»។

ប្រទេស​អូ​ម៉​ង់ ក៏​មិន​បន្ធូរដៃ​ដែរ ដោយបាន​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​រាយការណ៍​អំពី​ករណី​ភោជនីយដ្ឋាន​ណា​ដែល​បម្រើ​ភេសជ្ជៈ​ដាក់​ក្នុង​ដប​ទឹកដោះគោ​កូនក្មេង តាមរយៈ​ការហៅ​ទូរស័ព្ទ​ទៅកាន់​នាយកដ្ឋាន​គាំពារ​អ្នកប្រើប្រាស់៕

ប្រភព៖ AP
ប្រែ​សម្រួល៖ បុត្រា

Advertisement