ក្រុម​ហ៊ុន​ជប៉ុន​ចំនួន​30​​​ ចាក​ចេញ​ពី​ប្រទេស​ចិន​ មក​កាន់​អាស៊ី​អាគ្នេយ៍​

ក្រុម​ហ៊ុន​ជប៉ុន​ចំនួន​30​​​ ចាក​ចេញ​ពី​ប្រទេស​ចិន​ មក​កាន់​អាស៊ី​អាគ្នេយ៍​

ក្រុម​ហ៊ុន​ជប៉ុន​ចំនួន​30 នឹង​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​ប្រទេស​នេះ​ ដើម្បី​រើ​រោង​ចក្រ​ ឬ​ចង្វាក់​ផលិត​កម្ម​ចេញ​ពី​ប្រទេស​ចិន​ ចូល​មក​រកស៊ី​នៅ​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​។

អង្គការលើកកម្ពស់ពាណិជ្ជកម្មជប៉ុន Jetro (Japan External Trade Organization) ទើប​តែ​បាន​ប្រកាស​បង្ហាញ​​បញ្ជី​ឈ្មោះ​ក្រុម​ហ៊ុន​ចំនួន​30​នៃ​ប្រទេស​នេះ​ ដែល​នឹង​ទទួល​បាន​ជំនួយ​សម្រាប់​ការ​រើ​រោង​ចក្រ​ ក្រុម​ហ៊ុន​ ចេញ​ពី​ប្រទេស​ចិន​ ​ចូល​​មក​រកស៊ី​នៅ​ក្នុង​បណ្ដា​ប្រទេស​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​នេះ​គឺ​គោល​នយោបាយ​ថ្មី​មួយ​របស់​ជប៉ុន​។

មក​ដល់​ពេល​នេះ​​ គេ​មិន​បាន​ដឹង​ច្បាស់​ថា តើ​ក្រុម​ហ៊ុន​ទាំង​នេះ​ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​ចិន​ នឹង​រើ​ចង្វាក់​ផលិត​កម្ម​​របស់​ខ្លួន​ទាំង​ស្រុង​ ឬ​ផ្នែក​ណា​មួយ​របស់​ពួកគេ​ចេញ​ពី​ប្រទេស​ចិន​នៅឡើយ​។

ក្រុម​ហ៊ុន​ជប៉ុន​ដែល​នឹង​រើ​ចេញ​ពី​ប្រទេស​ចិន​ មាន​ដូច​ជា​ វិស័យ​ផលិត​សម្ភារៈ​សុខាភិបាល​ គ្រឿង​បន្លាស់​ទូរស័ព្ទ​ ម៉ាស៊ីន​ត្រជាក់​ និង​គ្រឿង​អេឡិច​ត្រនិច​ផ្សេងៗ​ទៀត​។ នៅក្នុង​បញ្ជី​ខាង​លើនេះ ក្រុម​ហ៊ុន​ Hoya ដែល​ផលិត​គ្រឿង​បន្លាស់​ផ្នែក​រឹង​កុំព្យូទ័រ​ជា​ដើម​ នឹង​រើ​រោង​ចក្រ​ពី​ប្រទេស​ចិន​ទៅ​កាន់​ប្រទេស​ឡាវ និង​វៀត​ណាម​។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ Jetro ខ្ទង់​ប្រាក់​ជំនួយ​របស់​រាជ​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​​ប៉ះប៉ូវ​ទៅ​លើ​ការ​ចំណាយ​នានា​នៅក្នុង​ពេល​រើ និង​ដំឡើង​រោង​ចក្រ​នៅ​ប្រទេស​ផ្សេងៗ​ នឹង​​​ឡើង​ដល់​ចន្លោះ​ពី​100​លានយ៉េន​​ (931,445ដុល្លារ​) ដល់​5​ពាន់​លាន​យ៉េន​ (46,572,250​ដុល្លារ)។

ក្រៅ​ពី​ក្រុម​ហ៊ុន​ចំនួន​30​ដែល​នឹង​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​ រាជរដ្ឋាភិបាល​ជប៉ុន​​ក៏​ផ្ដល់​​ជំនួយ​​យ៉ាង​តិច​57.5​ពាន់​លាន​យ៉េន​ (536​លាន​ដុល្លារ) ទៅ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ជប៉ុន​ចំនួន​57​ផ្សេង​ទៀត រួម​ទាំង​ក្រុម​ហ៊ុន​ឯក​ជន​ផលិត​ម៉ាស់​ Iris Ohyama និង​ក្រុម​ហ៊ុន​ Sharp ផងដែរ​ សម្រាប់​ការ​​រើ​ត្រលប់​មក​កាន់​ប្រទេស​ជប៉ុន​វិញ​។

ខាងលើ​នេះ​គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ពិពិធកម្មខ្សែចង្វាក់​ផ្គត់ផ្គង់​ទូទាំង​សកល​លោក​ដែល​ត្រូវ​បាន​ជប៉ុន​ប្រកាស​កាលពី​ខែ​មេសា​កន្លង​ទៅ​។ ប្រទេស​ជប៉ុន​គឺជា​ខឿន​សេដ្ឋ​កិច្ច​ទី​ពីរ​ហើយ​ (បន្ទាប់​ពី​កោះ​តៃវ៉ាន់) ដែល​មាន​គោលនយោបាយ​លម្អិត​ដើម្បី​ជំរុញ​ការ​ធ្វើ​ពិពិធកម្មខ្សែចង្វាក់​ផ្គត់ផ្គង់​ទូទាំង​ពិភព​លោក​ ដើម្បី​កាត់បន្ថយ​ការ​ពឹង​ផ្អែក​លើ​សេដ្ឋ​កិច្ច​ចិន​។

កាល​ពី​ឆ្នាំ​2019 រដ្ឋាភិបាល​កោះ​តៃវ៉ាន់​ក៏​បាន​ផ្ដល់​ជំនួយ​​ទាំង​ទឹក​ អគ្គិសនី​ ដី ទុន​ និង​ពន្ធ​​ ដើម្បី​អូសទាញ​ក្រុម​ហ៊ុន​តៃវ៉ាន់​នានា​ឱ្យ​រើ​ចង្វាក់​ផលិត​កម្ម​ ត្រលប់​ចូល​ប្រទេស​វិញ​ផងដែរ៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement