គម្រោង​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង​នៅ កម្ពុជា នឹងត្រូវ​ពិភាក្សា​ផ្លូវការ​ចាប់ពី​សប្តាហ៍​ក្រោយ

សកម្មភាព​បុគ្គលិក​កំពុង​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​ផលិត​វ៉ាក់សាំង​ ស៊ីណូវ៉ាក់ នៅ​ ប្រទេស​ចិន​

រាជរដ្ឋាភិបាល​កម្ពុជា បានចេញ ស.ជ.ណ ដល់​ក្រុមហ៊ុន​ក្នុងស្រុក​រួចហើយ ហើយ​ការចរចា​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​ក្រុមហ៊ុន​ចិន អាច​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ នេះ​បើ​យោង​តាម​សម្ដី​របស់​​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល។

ព័ត៌មាន​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​ឱកាស​ដែល​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង អា​ស្ត្រា​ហ្សេ​នេ​កា (AstraZeneca) ចំនួន ២៩០,៤០០ ដូ​ស ដែលជា​ជំនួយ​របស់​រាជរដ្ឋាភិបាល នៃ​ប្រទេស​ហូ​ឡង់ តាមរយៈ​យន្តការ​​កូ​វ៉ា​ក់ (Covax Facility) នា​ព្រឹក​ថ្ងៃទី ១០ ខែធ្នូ នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

វ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca) ចំនួន ២៩០,៤០០ ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល នៃប្រទេសហូឡង់ បាន​មក​ដល់​ កម្ពុជា កាល​ពីព្រឹកថ្ងៃទី ១០ ខែធ្នូ

ដំណឹង​ដ៏​ល្អ​នេះ ក៏ត្រូវ​បានបញ្ជាក់​នៅក្នុង​គ្រា​ដែល​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ នៅ កម្ពុជា មានការ​កើនឡើង​ខ្ពស់ ក្នុងនោះ ប្រជាជន​អាយុ​ពី ១៨ ឆ្នាំ​ឡើង ចាក់​បាន ១០១.១៥% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០លាន​នាក់, កុមារ​យុវវ័យ​អាយុ​ពី ១២ ឆ្នាំ ទៅ​ក្រោម ១៨ ឆ្នាំ ចាក់​បាន ៩៨,៨៨% ធៀប​នឹង ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់, កុមារ​អាយុ​ពី ៦ ឆ្នាំ ដល់​ក្រោម ១២ ឆ្នាំ ចាក់​បាន ១០៤,៧៧% ធៀប នឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់ និង​កុមារ​អាយុ ៥ ឆ្នាំ ចាក់​បាន ៩៣,៤៨% ធៀប នឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់ ខណៈ​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​សរុប​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦ លាន​នាក់ បាន​កើន​ដល់ ៨៨,៧២%៕

Advertisement