ចិនសាកល្បង​ដំណើរ​ការ​រថយន្តលក់ទំនិញឆ្លាត​វៃ​ ដែល​បើកបរនិង​ទូទាត់​ថ្លៃ​ទំនិញ​ដោយស្វ័យប្រវត្តិ (វីដេអូ)

ចិនសាកល្បង​ដំណើរ​ការ​រថយន្តលក់ទំនិញឆ្លាត​វៃ​ បើកបរនិង​ទូទាត់​ថ្លៃ​ទំនិញ​ដោយស្វ័យប្រវត្តិ

ប្រទេសចិនកំពុងតែបង្កើនការដាក់ពង្រាយមធ្យោបាយឆ្លាតវៃនានានៅឯទីក្រុង Tianjin ជាមួយនឹងម៉ូដែលរថយន្ត​លក់ទំនិញ និង​រថយន្ត​​ល្បាត ដែលដំណើរការដោយ​ប្រព័ន្ធ​ឆ្លាត​វៃ​ ក៏ដូចជាបើកបរដោយស្វ័យប្រវត្តិ។

រថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃនេះ រួមមានរថយន្តល្បាតមួយគ្រឿង និងរថយន្តលក់ទំនិញស្វ័យប្រវត្តិមួយគ្រឿង ដែលត្រូវបានដាក់ឱ្យដំណើរការសាកល្បងនៅក្នុងឧទ្យានមួយដែលមានទំហំ36គីឡូម៉ែត្រក្រឡា នៅក្នុងទីក្រុង Tianjin ប្រទេសចិន។

រថយន្តទាំងនេះ អាចដំណើរការដោយខ្លួនឯងទាំងស្រុង ដោយមិនចាំបាច់មានមនុស្សបញ្ជា។ រថយន្តលក់ទំនិញ ត្រូវបានបំពាក់ប្រព័ន្ធវិញ្ញាណ (Sensor) ការ​ពារ​ការ​ប៉ះទង្គិច និងអនុញ្ញាតឱ្យស្គាល់ និងសម្គាល់មុខរបស់អតិថិជនដែលមកទិញទំនិញនៅពី​រថយន្តនេះ។ ចំណែកការទូទាត់ថ្លៃទំនិញ គឺត្រូវបានធ្វើឡើងតាមរយៈកាបូបអេឡិចត្រូនិច។

រីឯរថយន្តល្បាតវិញ ត្រូវបានបំពាក់ប្រព័ន្ធកាមេរ៉ា360អង្សា។ រថយន្តនេះអាចបញ្ជូនទិន្នន័យជា​រូបភាព និងវីដេអូទៅកាន់មជ្ឈមណ្ឌលសន្តិសុខ ក្នុងល្បឿនលឿនបំផុត។

ចិនសាកល្បង​ដំណើរ​ការ​រថយន្តលក់ទំនិញឆ្លាត​វៃ​ បើកបរនិង​ទូទាត់​ថ្លៃ​ទំនិញ​ដោយស្វ័យប្រវត្តិនៅក្នុងការដាក់ឱ្យដំណើរការសាកល្បង រថយន្តទាំងនេះចំណាយពេល20នាទីដើម្បីបញ្ចប់ការល្បាតមួយជុំ (ឧទ្យាន)។ ​ទីក្រុង Tianjin មានផែនការពង្រីក “ដែនដី​” សម្រាប់​ដំណើរការសាកល្បងទៅលើ​ប្រភេទរថយន្តឆ្លាតវៃទាំងនេះឱ្យបាន300គីឡូម៉ែត្រ នៅក្នុងឆ្នាំ2024៕

ប្រភព៖ Xinhua

Advertisement