ថៃ​៖ ក្រុម​ហ៊ុន​ Thai Airways កំពុង​ត្រៀម​ខ្លួន​ដើម្បី​ “ក្ស័យ​ធន”

ថៃ​៖ ក្រុម​ហ៊ុន​ Thai Airways កំពុង​ត្រៀម​ខ្លួន​ដើម្បី​

រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ប្រទេស​ថៃ អ៊ុតតាម៉ា សុវណ្ណាយ៉ាណា បាន​បញ្ជាក់​ថា ប្រទេស​ថៃ​កំពុង​ពិចារណា​ទៅ​លើលទ្ធ​ភាព​នៃ​ការ​ដាក់​ឱ្យ​ក្រុម​ហ៊ុន Thai Airways ក្ស័យ​ធន។ មូលហេតុ​ចម្បង​ដែល​ត្រូវ​បាន​គេ​លើក​ឡើង​សម្រាប់​បញ្ហា​ខាង​លើ​នេះ​ នោះ​គឺ​វិបត្តិ​ហិរញ្ញ​វត្ថុ​​ដែល​​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថៃ​មួយ​នេះ​​បាន​ និង​កំពុង​ជួប​​ប្រទះ​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រួម​នឹង​ឥទ្ធិពល​របស់​ COVID-19។

សេចក្ដី​សម្រេច​ចុង​ក្រោយ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រាជ​រដ្ឋាភិបាល​ ឬ​តុលាការ​ថៃ​។ ការ​ដាក់​ឱ្យ​ក្ស័យ​ធន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ “ការ​រុះរើ​” ដ៏​ធំមួយ​ក្នុង​បំណង​កសាង​ឡើង​វិញ​នូវ​ក្រុម​ហ៊ុនអាកាស​ចរណ៍​ជាតិ​នៃ​ប្រទេស​ថៃ​។

ព័ត៌មាន​នេះ​ត្រូវ​បាន​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ថៃ លោក អ៊ុតតាម៉ា សុវណ្ណាយ៉ាណា (Uttama Savanayana) លើក​ឡើង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​។ ដំណើរ​ការ​ខាង​លើ​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគ​ជ័យ​​ បើ​សិន​ជា​​មាន​ការ​យល់​ព្រម​ពី​គណៈកម្មាធិការគោលនយោបាយ​សហគ្រាស​​របស់​រដ្ឋ និង​រាជ​រដ្ឋា​ភិបាល​ ឬ​តាម​រយៈ​សាល​​ក្រម​របស់​តុលាការ​។

រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ​ បាន​ឱ្យ​ដឹង​ថា “ក្រសួង​ហិរញ្ញវត្ថុ​ និង​ក្រសួង​ដឹក​ជញ្ជូន​ រួម​នឹង​ស្ថាប័ន​តាម​ដាន​ Thai Airways ក្នុងនាម​ជា​ក្រុម​ហ៊ុន​រដ្ឋ​ បាន​ពិភាក្សា​គ្នា​រួច​ហើយ​ដើម្បី​លើក​ឡើង​អំពី​ផែន​ការ​រុះ​រើ​ និង​បង្កើត​ឡើង​វិញនូវ​ក្រុម​ហ៊ុន​នេះ​ ក៏ប៉ុន្តែ រាល់​កិច្ច​ការ​នៅ​តែ​អាស្រ័យ​ទៅ​លើ​​ការ​សម្រេច​ចុង​ក្រោយ​របស់​គណរដ្ឋ​មន្ត្រី​។ រាជ​រដ្ឋាភិបាល​​នឹង​រើស​យក​ជម្រើស​ល្អ​បំផុត​សម្រាប់​ Thai Airways ក៏ដូច​ជា​ភាគី​ពាក់​ព័ន្ធ​”។

មុន​នេះ យោង​តាម​ទិន្នន័យ​ពី​នាយក​ដ្ឋាន​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ថៃ ការ​ខាត​បង់​សុទ្ធ​​របស់​ Thai Airways បាន​កើន​ឡើង​ពី​ 2.11​ពាន់​លាន​បាតនៅ​ក្នុង​ឆ្នាំ​2017 ឡើង​ដល់​11.6​ពាន់​លាន​បាត​នៅក្នុង​ឆ្នាំ​2018 និង​12​ពាន់​លាន​បាត​ ដែល​ស្មើ​នឹង​374,299,650​ដុល្លារ​អាមេរិក​ ​ក្នុង​ឆ្នាំ​2019។

កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​ ដើម្បី​ជៀស​វាងហានិភ័យ​ក្លាយ​ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជាតិ​ដំបូង​គេ​ក្នុង​ពិភពលោក​ត្រូវ​​ក្ស័យ​ធន​ដោយ​សារ​ COVID-19 ក្រុម​ហ៊ុន​ Thai Airways បាន​ស្នើ​សុំ​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន​10​ពាន់​លាន​បាត​ (307​លាន​ដុល្លារ​)​ ពី​រាជ​រដ្ឋាភិបាល​ថៃ​ដើម្បី​បើក​ប្រាក់​ខែ​ជូន​បុគ្គលិក​ចំនួន​1ខែ​។ ក្រុម​ហ៊ុន​នេះ​ក៏​បាន​ស្នើ​ឱ្យ​មាន​​ការ​អនុម័ត​​ផ្ដល់​​ប្រាក់​កម្ចី​ចំនួន​70​ពាន់​លាន​បាត​ (ជាង​ 2,183,414,000ដុល្លារ​អាមេរិក​) ផ្សេង​ទៀត​ ដោយ​មាន​ក្រសួង​ហិរញ្ញវត្ថុ​ជា​អ្នក​ធានា​ ដើម្បី​អាច​បន្ត​សកម្ម​ភាព​ជំនួញ​ទៅ​មុខ​ទៀត​៕

ប្រភព៖ សារ​ព័ត៌មានបរទេស​

Advertisement