ភ្នំពេញ​-ម៉ានីល ឯកភាពជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន

នាព្រឹកថ្ងៃទី 4 ខែមីនា ឆ្នាំ 2024 ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា និងប្រមុខ​រដ្ឋាភិបាល​ហ្វ៊ីលីពីន បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ជំនួបនេះត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​បំណង​​ពិភាក្សា​គ្នា​លើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ នេះ​បើ​តាម​ក្រសួង​ព័ត៌មាន​។

ក្នុងជំនួបនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ និង​​ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានពិភាក្សាគ្នាលើវិស័យសំខាន់ៗ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងហ្វីលីពីន។ ក្នុង​នោះ​ក៏​មាន​ វិស័យពាណិជ្ជកម្មផងដែរ​។

ក្នុងវិស័យពាណិជ្ជកម្ម មេដឹក​នាំទាំងពីរបានឯកភាពគ្នា ដើម្បីសម្របសម្រួល និងជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន និងបានជំរុញបន្ថែមការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបន្ថែមទៀត ដើម្បីបង្កើនកាលានុវត្តភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ក​ម្ពុជា​បានចាប់ផ្តើមនាំចេញអង្ករទ្រង់​ទ្រាយ​ធំ​​ជាលើកដំបូង ទៅប្រទេសហ្វីលីពីន ក្នុងបរិមាណ 5,575 តោន​ កាលពីដើមឆ្នាំ 2023 បន្ទាប់ពីហ្វីលីពីន បានដូរគោលនយោបាយនៃការនាំចូលអង្ករ ពោលគឺពីការនាំចូលតាមរយៈរដ្ឋ មកឯកជនវិញ។ ​

បើតាមរបាយការណ៍ដែល​ទាក់​ទង​ ឱ្យដឹងថា ក្នុងឆ្នាំ 2024 នេះ ប្រទេស​ហ្វីលីពីន ​គ្រោង​នាំចូល​អង្ករពីបណ្ដាប្រទេស​​​ ក្នុ​ងប​រិមា​ណជាង​ 4.2 លាន​​តោន។

យោងតាម​របាយការណ៍​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​ក្នុង​ខែមករា ឆ្នាំ​ 2024 កម្ពុជា​បាន​នាំចេញ​អង្ករ​ជាង​ 46 ពាន់​តោន​ គិត​ជា​ទឹកប្រាក់គឺ​ជាង​ 32​ លាន​ដុល្លារ​អាម៉េរិក​។ ដោយឡែក​ការនាំចេញ​ស្រូវ​ទៅ​ប្រទេស​ជិត​ខាង​វិញ សម្រេចបាន ជិត​ 60​ ម៉ឺន​តោន ​ដែល​គិត​ជា​ទឹកប្រាក់​សរុប​ជាង ​184​ លាន​ដុល្លារ​៕

Advertisement