Lucid បញ្ចុះ​តម្លៃ​រថយន្ត​អគ្គិសនី​ ក្នុង​គ្រា​ «សង្គ្រាម​តម្លៃ​» ​កំពុង​កើត​ឡើង

ក្រុម​ហ៊ុន Lucid Group ​បញ្ចុះ​តម្លៃ​ស៊េរី​រថយន្ត​សេដាន​ប្រណិត Air កាល​ពី​ដើម​សប្ដាហ៍​នេះ​ នៅ​ក្នុង​រយៈ​ពេល​មាន​កំណត់​ នៅមុន​រដូវ​បុណ្យ​ គ្រាដែល​ការ​ប្រកួត​ប្រជែង​តម្លៃ​កំពុង​កើត​ឡើង និង​តម្រូវ​ការ​រថយន្ត​អគ្គិសនី​ថយ​ចុះ​។

បញ្ហា​ការ​ប្រាក់​កើន​ឡើង​ខ្ពស់បាន​ប៉ះពាល់​ដល់​តម្រូវ​ការ​ទិញ​រថយន្ត​អគ្គិសនី​ ហើយ​បណ្ដា​ក្រុម​អ្នក​ផលិត​រថយន្ត​អគ្គិសនី ដែល​នាំមុខ​ដោយ​ Tesla ក៏​បាន​ប្រតិកម្ម​តាម​រយៈ​ការ​បញ្ចុះ​តម្លៃ​។​ Tesla បានបញ្ចុះ​តម្លៃ​រថយន្ត​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​នៅក្នុង​ឆ្នាំ​នេះ​ ដើម្បី​ទប់​ស្កាត់​រថយន្ត​អគ្គិសនី​របស់​ក្រុម​ហ៊ុន​ដទៃ​ ដណ្ដើម​យក​ចំណែក​ទីផ្សារ​របស់​ខ្លួន។

របាយការណ៍​មួយ​របស់ Cox Automotive បង្ហាញ​ថា «សង្គ្រាម​តម្លៃរថយន្ត​អគ្គិសនី»​ បាន​បង្ខំ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ត្រូវ​តែ​ផ្ដល់​អាទិភាព​ដល់​បរិមាណ​ជាងអត្រា​​ប្រាក់​ចំណេញ​ និង​បាន​បញ្ចុះ​តម្លៃ​មធ្យម​របស់​រថយន្ត​អគ្គិសនី​មក​នៅ​ត្រឹម​ 50,683 ដុល្លារ​អាម៉េរិក​/គ្រឿង​ នៅ​ក្នុង​ខែកញ្ញា​ 2023។

ក្រុម​ហ៊ុន Lucid ក៏​បាន​បញ្ចុះ​តម្លៃ​រថយន្ត​ Air Touring ពី 95,000 ដុល្លារ​ មក​នៅ​ត្រឹម 87,500 ដុល្លារ​ ខណៈ​ដែល​​ Air Grand Touring ត្រូវ​បាន​បញ្ចុះ​តម្លៃ​ 10,000 ដុល្លារ​ ដោយ​លក់​​ត្រឹមតែ​ 115,600 ដុល្លារ​។​

ក្រុម​ហ៊ុន​ដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​សហរដ្ឋ​អាម៉េរិក​មួយ​នេះ​ក៏​បាន​បញ្ចុះ​តម្លៃ​រថយន្ត​អគ្គិសនី Air Pure ប្រភេទ Four-Wheel drive (ថាមពលរបស់រថយន្តត្រូវបានបែងចែកទៅកង់ទាំងបួន) ពី 82,400 ដុល្លារ​ មក​នៅ​ត្រឹម​ 74,900 ដុល្លារ​ផងដែរ​។ Air Pure ដែល​ជា​រថយន្ត​អគ្គិសនី​ប្រភេទ Rear-Wheel drive (ប្រើ​កង់​ក្រោយ) មាន​តម្លៃ​ 77,400 ដុល្លារ​ ពោល​គឺ​នៅ​តែ​មិន​ប្រែប្រួល​។

បច្ចុប្បន្ន ការ​បញ្ចុះ​តម្លៃ​ខាងលើ​ ត្រូវ​បាន​ក្រុម​ហ៊ុន Lucid អនុវត្ត​នៅ​សហរដ្ឋ​អាម៉េរិក និង​កាណាដា​៕

Advertisement