ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ថាមពល​មួយរបស់​អូស្ត្រាលី ​កំពុង​ស្វែង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

(អូស្ត្រាលី) – នាថ្ងៃទី 2 ខែមីនានេះ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាតឱ្យ លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី​។

យោង​តាម​ក្រសួង​ព័ត៌មាន ក្នុងជំនួប​នេះ លោក Mario Vecchio ​បានជម្រាបជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart កំពុងមានប្រតិបត្តិការនៅប្រទេសអូស្រ្តាលី និងប្រទេសមួយលើ​ពិភពលោក​។ ក្នុងប្រទេស​ អូស្ត្រាលី​ ក្រុមហ៊ុនរបស់លោក បានប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបក្នុងការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមសាលារៀន មន្ទីរពេទ្យ និង ស្ថានីយប្រេងឥន្ធនៈជាដើម។

នាយកប្រតិបត្តិរបស់ FreshStart Energy បានបន្ថែមទៀតថា ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ សម្រាប់​ការប្រើប្រាស់ថាមពលអគ្គីសនី ប្រកបដោយប្រសិទ្ធភាព គុណភាព និងសន្សំសំចៃខ្ពស់។

លោកនាយកប្រតិបត្តិ បានបង្ហាញបំណងវិនិយោគនៅកម្ពុជាដោយការ​នាំយកបច្ចេកវិទ្យាទំនើបនៃការគ្រប់គ្រងការប្រើប្រាស់​ថាមពលអគ្គិសនី។​

ជាការឆ្លើយតប ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និងអរគុណចំពោះក្រុមហ៊ុន FreshStart Energy ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់​ទុន​វិនិយោគនៅកម្ពុជា និង​លើក​ទឹក​ចិត្ត​​ដល់​ក្រុម​ហ៊ុន​នេះ នៅក្នុង​ការ​បណ្ដាក់​ទុន​នៅ​កម្ពុជា​៕

Advertisement