Apple លុប​ចោល​គម្រោង​រថយន្ត​អគ្គិសនី​ ក្រោយ​​ចំណាយ​អស់​រាប់​ពាន់​លាន​ដុល្លារ

ប្រហែល​មួយ​ទសវត្សរ៍​ក្រោយ​ពី​ Apple បាន​បង្ហាញ​ Project Titan គម្រោង​ផលិត​រថយន្ត​អគ្គិសនី​របស់​ក្រុម​ហ៊ុន​នេះ​ ក៏​ត្រូវ​បាន​គេ​ជឿ​ថា ត្រូវ​បាន​លុប​ចោល​។​

យោង​តាម Bloomberg ការ​សម្រេច​ចិត្ត​​លុប​ចោល​គម្រោងរថយន្ត​អគ្គិសនី​​នេះ ​ត្រូវ​បាន​ COO របស់​ Apple Jeff Williams និង Kevin Lynch ប្រកាស​នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

គម្រោង​នេះ​នឹង​ចាប់​ផ្ដើម​លុប​ចោល​ ហើយ​បុគ្គលិក​ជា​ច្រើន​នឹង​ត្រូវ​បាន​ប្ដូរ​ទៅ​កាន់​ផ្នែក​បញ្ញា​សិប្បនិម្មិត (AI) ​របស់ Apple​។ Apple បាន​សម្ងំ​ទិញ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ AI និង​ម៉ាស៊ីន​សិក្សា​ជាង​ 20 ស្ថាប័ន​ ចាប់​តាំង​ពី​ឆ្នាំ 2017​ ហើយ​បច្ចុប្បន្ន​ ក្រុម​ហ៊ុន​នេះ​កំពុង​បង្កើន​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ AI នៅក្នុង​មុខ​ងារ​នានា​របស់​ផលិត​ផល​ថ្មី​។

បុគ្គលិក​ជិត 2,000 នាក់ បាន​ធ្វើ​ការ​នៅ​ក្នុង​គម្រោង​រថយន្ត​អគ្គិសនី​របស់​ Apple ក្នុង​នោះ​មាន​រាប់​រយ​នាក់​ជា​អ្នក​រចនារថយន្ត​​ និង​ជា​វិស្វករ​ផ្នែក​រឹង។ បើ​ទោះ​បុគ្គលិក​ទាំង​នេះ​ត្រូវ​បាន​ Apple ប្រកាស​ថា នឹង​មាន​ការ​ងារ​ថ្មី​ក្នុង​ក្រុម​ហ៊ុន​ដដែល​ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន ស្ថានភាព​បញ្ចប់​កុង​ត្រា​ការ​ងារ​ទំនង​ជា​នឹង​នៅ​តែ​មាន​។

ដំណឹង​ស្ដីពី​ Apple លុប​ចោល​គម្រោង​រថយន្ត​អគ្គិសនី ក៏​ត្រូវ​បាន​ អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Tesla លោក Elon Musk ក៏​បាន​ចែក​រំលែក​បន្ត​​កាល​ពី​ពេល​ថ្មី​ៗ​នេះផងដែរ​៕

Advertisement