ឆ្នាំ​ 2024 ទីផ្សាររថយន្តថ្មី នឹងមានសន្ទុះកើនឡើងខ្ពស់បន្ថែមទៀត

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ឱ្យ​ដឹង​ថា សន្ទុះនៃការលក់រថយន្តថ្មីក្នុងឆ្នាំ 2023 បាន​កើនឡើង ក្នុង​នោះ​កំណើននៃការលក់រថយន្តថ្មីគ្រប់គ្រងចំណែកទីផ្សាររថយន្ត​ប្រមាណ​ 45%។

ទិន្នន័យនៃការលក់រថយន្តសរុបសម្រាប់ឆ្នាំ 2023 បង្ហាញ​ថា ក្នុង​ឆ្នាំ​កន្លង សន្ទុះ​នៃ​ការ​លក់​រថយន្ត​ថ្មី​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ពោល​គឺ​រួម​ចំណែក​ 45% នៅ​ក្នុង​ទីផ្សារ​រថយន្ត​ ខណៈ​ដែល​រថយន្តជជុះបានបន្តធ្លាក់ចុះ ដោយរក្សាបានត្រឹមតែ 55%។

CAIF ព្យាករណ៍ថា ក្នុង​ឆ្នាំ​ 2024 នេះ ទីផ្សាររថយន្តថ្មី នឹងមានសន្ទុះកើនឡើងខ្ពស់បន្ថែមទៀត តាមរយៈការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងកំណើននៃរោងចក្រផ្គុំដំឡើងក្នុងស្រុក ស្រប​ពេល​ដែល​រថយន្តជជុះនឹងមានកំណើនតិចតួចប៉ុណ្ណោះ។

ស្ថាប័ន​នេះ​ពន្យល់​ថា កត្តាមួយចំនួនដែលជំរុញឱ្យ​មាន​ការផ្លាស់ប្តូរខាងលើ​នេះ មានជា​អាទិ៍ កំណើននៃចំណេះដឹងរបស់អ្នកប្រើប្រាស់ ការយល់ដឹងពីអត្ថប្រយោជន៍របស់រថយន្តថ្មី និង​ផល​វិបាក​នៃ​ការ​ប្រើ​ប្រាស់​រថយន្ត​ជជុះ​ ខណៈ​ដែល​តំលៃរថយន្ត​ថ្មី​ក៏ប្រហាក់ប្រហែលនឹងរថយន្តជជុះ ព្រម​ទាំង​មាន​ការ​ធានាពីរោងចក្រ ជាមធ្យម 5 ឆ្នាំផងដែរ​៕

Advertisement