ក្រុម​ហ៊ុន​មួយ​របស់​ហុងកុង ស្វែង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

(ភ្នំ​ពេញ) – នារសៀលថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2024 ឯកឧត្តមរដ្ឋលេខាធិការ ហេង ណន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្ដែងការគួរសមពីសំណាក់លោក Francois Shih អគ្គនាយកក្រុមហ៊ុន Sharpland Group។

ក្នុង​ឱកាស​នេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងព័ត៌មាន តំណាងក្រសួងមហាផ្ទៃ និងគណ:ប្រតិភូក្រុមហ៊ុន Sharpland Investment Holding, Ltd និងមន្ត្រីជំនាញពាក់ព័ន្ធមកពីអង្គភាពក្រោមឱវាទក្រសួងផងដែរ។

យោង​តាម​ក្រសួង​សាធារណការ​ និ​ងដឹក​ជញ្ជូន​ ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីឱកាស ក៏ដូចជាសក្កានុពលវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក និងកំពង់ផែ និងស្នើសុំការគាំទ្រ និងអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងលើគម្រោងរបស់ខ្លួនផងដែរ។

ថ្លែងនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា​ ដែលផ្ដោតជាសំខាន់លើវិស័យអាទិភាពសំខាន់ៗរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាគោលដៅគន្លឹះដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 ខាងមុខ តាមគោលដៅដែលបានដាក់ចេញប្រកបដោយចីរភាព៕

Advertisement