ក្រុម​ហ៊ុន​ទូរស័ព្ទ​ចិន​ បង្ហាញ​រថយន្ត​អគ្គិសនី SU7 EV រត់​បាន​ឆ្ងាយ​ជាង​រាល់​រថយន្ត​អគ្គិសនី​បច្ចុប្បន្ន

ក្រុម​ហ៊ុន​ចិន Xiaomi បាន​ធ្វើ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ព្រឹត្តិការណ៍ Mobile World Congress នៅ​ Barcelona គ្រា​ដែល​តាំង​បង្ហាញ​ SU7 ដែល​ជា​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​​។ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​ SU7 ត្រូវ​បាន​បង្ហាញ​ដោយ​ផ្ទាល់​ បន្ទាប់​ពី​ត្រូវ​បាន​ប្រកាស​ព័ត៌មាន​ជា​លើក​ដំបូង​នៅ​ប្រទេស​ចិន​ កាល​ពីចុងឆ្នាំ​មុន​។

SU7 គឺជា​ម៉ូដែលសេដាន​កីឡា​ ដែល​មាន​ពណ៌​ខៀវ​ខ្ចី​ដ៏​ទាក់​ទាញ​។ រថយន្ត​នេះ​បើ​ប្រាស់​ម៉ូទ័រ​​អគ្គិសនី​របស់​ Xiaomi និងអាច​បង្កើន​ល្បឿន​ពី 0 ទៅ 100 គីឡូម៉ែត្រ​/ម៉ោង​ ដោយ​ប្រើពេល​តែ​ 2.78 វិនាទី​។

Xiaomi SU7 នឹង​បំពាក់​ថ្ម​ផ្ទុក​ថាមពល​ 101 kWh ដែល​អាច​ធ្វើ​ដំណើរ​បាន​ជាង 800 គីឡូម៉ែត្រ​ ឆ្ងាយ​ជាង​ច្រើន​បើធៀប​នឹង​បណ្ដា​រថយន្ត​អគ្គិសនី​នា​បច្ចុប្បន្ន​។ រថយន្ត​នេះ​ក៏​មាន​បំពាក់​មុខ​ងារ​បញ្ចូល​ថាមពល​លឿន ដែល​អាច​ធ្វើ​ដំណើរ​បាន 500 គីឡូម៉ែត្រ ក្រោយ​ពី​សាក​ថ្ម​បាន​ 15 នាទី​។

អំពី​បច្ចេកវិទ្យាវិញ SU7 ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​អង្គញាណ​ដែល​អនុញ្ញាត​ឱ្យ​វា​បើក​បរ​ដោយ​ស្វ័យ​ប្រវត្ត​ រួម​នឹង​អេក្រង់​កម្សាន្ត​​ 16 អ៊ិញ និង​អេក្រង់​បង្ហាញ​ព័ត៌មាន​សម្រាប់​អ្នក​បើក​បរ​ ក៏ដូច​ជា​ប្រព័ន្ធ​បញ្ជា​ដែល​អាច​បង្វិល​បាន​ផងដែរ​។

យោង​តាម Absolute Geeks បើ​ទោះ Xiaomi មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​អំពី​តម្លៃ​ ឬ​ថ្ងៃ​ដាក់​លក់​ជា​ផ្លូវការ ប៉ុន្តែ​ពួក​គេ​កំពុង​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ក្លាយ​ជា​អ្នក​ផលិត​រថយន្ត​នៅ​ក្នុង​ top 5 របស់​ពិភពលោក​។ ប្រការ​នេះ​មាន​ន័យ​ថា Xiaomi SU7 អាច​ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់​ក្នុង​ទីផ្សារ​បរទេស​ បើ​ទោះ​តម្លៃ​របស់​វា​ទំនង​ជា​ខ្ពស់​៕

Advertisement