ទីផ្សារ​រថយន្ត​អគ្គិសនីនៅ​អាស៊ាន​ នឹង​សម្រេច​បាន​ 2.7 ពាន់​លាន​ដុល្លារ​ នៅ​បួន​ឆ្នាំ​ទៀត

យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​វិនិយោគ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ម៉ាឡេស៊ី Tengku Zafrul Abdul Aziz ទីផ្សារ​រថយន្ត​អគ្គិសនី​របស់​អាស៊ាន​ គ្រោង​នឹង​សម្រេច​បាន​ 2.7 ពាន់​លាន​ដុល្លារ​អាម៉េរិក​ នៅ​ឆ្នាំ 2027 កើន​ជាង 5 ដង បើធៀប​នឹង​ 500 លាន​ដុល្លារ​របស់​ឆ្នាំ 2021​។

ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ និង​ពិព័រណ៍​រថយន្ត​អគ្គិសនី​អាស៊ី​ 2023 នៅ​រដ្ឋធានី​កូឡាឡាំពួ រដ្ឋមន្ត្រី​ Tengku Zafrul Abdul Aziz យល់​ថា ម៉ាឡេស៊ី​ មាន​ប្រៀប​ជាង​គេ​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​ដែល​មាន​តម្លៃ​ខ្ពស់ជាង​ ដោយ​សារ​បាន​អភិវឌ្ឍ​បណ្ដាញ​ពេញ​លេញ​សម្រាប់​វិស័យ​ឧស្សាហកម្ម​ EV និង​រថយន្ត​ជំនាន់​ថ្មី​។

គោលដៅ​របស់​ម៉ាឡេស៊ី​ គឺ​ថា ដល់​ឆ្នាំ 2030 ប្រទេស​នេះ​នឹង​ធ្វើ​ឱ្យ​​​រថយន្ត​អគ្គិសនី និង​រថយន្ត​កូន​កាត់​សាំង​ – អគ្គិសនី រួម​ចំណែក​​ 20% ក្នុង​ចំណោម​រថយន្ត​ថ្មី និង 50% នៅ​ឆ្នាំ 2040 ខណៈ​ឆ្នាំ 2050 នឹង​មាន 80%​។

លោក​រដ្ឋមន្ត្រី​ក៏​ឱ្យ​ដឹង​ថា លោក​សង្ឃឹម​ថា រថយន្ត​អគ្គិសនី​ផលិត​ក្នុង​ស្រុក​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ 2025​ ហើយ​ក៏​ជឿ​ជាក់​ថា ម៉ាឡេស៊ី​ នឹង​អាច​ផ្គត់​ផ្គង់​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ចំនួន 10,000 កន្លែង នៅ​ទូទាំង​ប្រទេស​​ក្នុង​ដំណាក់​កាល​នេះ​។

បច្ចុប្បន្ន​ បណ្ដា​ក្រុម​ហ៊ុន​ធំៗ​ក្នុងវិស័យ EV ដូច​ជា Tesla (អាម៉េរិក), Geely, Chery, BYD (ចិន), Hyundai (កូរ៉េខាងត្បូង), Mercedes Benz, BMW (អឺរ៉ុប) សុទ្ធ​តែ​មាន​វត្តមាន​នៅ​ម៉ាឡេស៊ី​រួច​ហើយ​។

សន្និសីទ និង​ពិព័រណ៍ EV អាស៊ី 2023 ត្រូវ​បាន​ធ្វើ​ឡើង​ពី​ថ្ងៃទី 22 ដល់ 24 វិច្ឆិកា 2023 ដោយ​មាន​បញ្ជរ​ប្រហែល​មួយ​រយ​ដែល​ដាក់​បង្ហាញ​រថយន្ត​អគ្គិសនី​ រួម​នឹង​សន្និសីទ​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​បណ្ដាញ​ EV មាន​ដូច​ជា គោលនយោបាយ ទំនោរ និង​ឱកាស​ក្នុង​វិស័យ​ឧស្សាហកម្ម EV, ទីផ្សារ​ EV ទោចក្រយាននៅ​អាស៊ាន។ល។

Advertisement