ក្រុមហ៊ុន​វៀតណាម​នាំចេញ​រថយន្ត​អគ្គិសនី VinFast ជិត​ពីរពាន់​គ្រឿង​ទៅកាន់​អាម៉េរិក​ខាងជើង

VinFast ប្រកាសថា បាន​នាំចេញ​រថយន្ត​អគ្គិសនី​ម៉ូ​ដែល VF 8 លើក​ទី​ពីរ​ចំនួន 1,879 គ្រឿង​ទៅកាន់​សហរដ្ឋ​អាម៉េរិក និង​កាណាដា កាលពី​យប់​ម្សិលមិញ។

កប៉ាល់ Silver Queen ដែល​ដឹក​រថយន្ត​អគ្គិសនី VinFast VF 8 ចំនួន 1,879 គ្រឿង កាលពី​យប់​ថ្ងៃទី 16 មេសា បាន​ចាក​ចេញពី​កំពង់ផែ MPC Port ដើម្បី​ទៅកាន់​អាម៉េរិក​ខាងជើង។ តាម​គម្រោង ក្រោយ​ការធ្វើដំណើរ​ជាង 20 ថ្ងៃ កប៉ាល់​នេះ​នឹង​ចូល​ចត​នៅ​កំពង់ផែ Benicia (សហរដ្ឋ​អាម៉េរិក) ដើម្បី​ប្រគល់​រថយន្ត 1,098 គ្រឿង​សម្រាប់​ទីផ្សារ​អាម៉េរិក​នៅក្នុង​ខែឧសភា ហើយ​បន្ត​ដឹក 781 គ្រឿង​ទៀត​ទៅកាន់​កាណាដា ដែល​គ្រោង​នឹង​ប្រគល់ជូន​អតិថិជន​នៅក្នុង​ខែមិថុនា​ឆ្នាំ 2023។

នេះ​គឺជា​ជើង​ទី​ពីរ​ដែល​រថយន្ត​អគ្គិសនី VinFast VF 8 របស់​ក្រុមហ៊ុន​វៀតណាម​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អាម៉េរិក​ខាងជើង។ ចំពោះ​ទីផ្សារ​អឺរ៉ុប VinFast នឹង​នាំចេញ​ជើង​ដំបូង​នៅ​ពាក់កណ្ដាល​ខែកក្កដា 2023 ក្នុង​បរិមាណ​ប្រហែល 700 គ្រឿង។

បច្ចុប្បន្ន ក្រៅពី​ទីផ្សារ​វៀតណាម VinFast ក៏បាន​បើកហាង និង​រោង​បម្រើសេវា​កម្ម​ចំនួន​ជាង 30 នៅ​សហរដ្ឋ​អាម៉េរិក កាណាដា អាល្លឺម៉ង់ បារាំង ហូ​ឡង់ ដើម្បី​ត្រៀម​សម្រាប់​ការលក់​រថយន្ត​អគ្គិសនី​ឆ្លាត​វៃ​ដែល​នាំ​ចេញពី​ប្រទេស​វៀតណាម។

Advertisement