សង្គ្រាម​តម្លៃ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ ឡើង​កម្ដៅ​ខ្លាំង​ពេល​ពិព័រណ៍ Bangkok Motor Show ចាប់ផ្ដើម

សង្គ្រាម​តម្លៃ​រថយន្ត​អគ្គិសនី​បាន​រីក​រាលដាល​ដល់​ប្រទេស​ថៃ ក្នុងនោះ​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ចិន ជប៉ុន និង​កូរ៉េខាងត្បូង បញ្ចុះតម្លៃ​ខ្លាំង​សម្រាប់​បណ្ដា​ម៉ូ​ដែល​ថ្មី​ដែល​ពួកគេ​បង្ហាញ​នៅក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ប្រចាំឆ្នាំ​របស់​ប្រទេស​ថៃ​ដែល​បាន​សម្ពោធ​បើក​កាលពី​ថ្ងៃទី 22 មីនា 2023។

នៅក្នុង​ពិព័រណ៍​ខាងលើ BYD បានបង្ហាញ​រថយន្ត​អគ្គិសនី​ប្រភេទ​ hatchback ថ្មី​តម្លៃ 23,457 ដុល្លារ​អាម៉េរិក ស្មើនឹង​ពាក់កណ្ដាល​នៃ​តម្លៃ​មធ្យម​នៅ​ទូទាំង​ពិភពលោក របស់​រថយន្ត​អគ្គិសនី​មួយគ្រឿង។ BYD ក៏​បាន​ប្រកាស​ចាប់ផ្ដើម​ទទួល​ការបញ្ជាទិញ​សម្រាប់​រថយន្ត BYD Dolphin នៅ​ប្រទេស​ថៃ។

គូប្រជែង​នានា​នឹងត្រូវ​ធ្វើសង្គ្រាម​តម្លៃ​ ក៏ដូចជា​រយៈពេល​នៃ​ការប្រគល់​ទំនិញ ដើម្បី​ប្រកួត​ជាមួយនឹង BYD។ កាលពី​ខែកុម្ភៈ BYD បានប្រគល់ SUV Atto 3 គ្រឿង​ទី 10,000 នៅ​ប្រទេស​ថៃ។

 

Tesla ចាប់ផ្ដើម​ប្រគល់​ទំនិញ​នៅ​ប្រទេស​ថៃ​ក្នុងពេល​ដំណាលគ្នា​នោះ ហើយក៏​បាន​បង្កើតឱ្យមាន​ការចាប់ផ្ដើម​នៃ​សង្គ្រាម​បញ្ចុះតម្លៃ​នៅតាម​បណ្ដា​ទីផ្សារ ដែល​នេះ​បាន​នាំមក​នូវ​ជោគជ័យ​ច្រើន​ដល់​ក្រុម​ហ៊ុន​អាម៉េរិក​មួយ​នេះ​។ ភ្លាមនោះ BYD ក៏​បញ្ចុះតម្លៃ​ជា​មធ្យម 1,299 ដុល្លារ។ Nissan និង Toyota របស់​ជប៉ុន តាម​ពីក្រោយ​ដោយ​ការបញ្ចុះ​តម្លៃ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ចិន។

ពិព័រណ៍​រថយន្ត​អន្តរជាតិ​បាងកក 2023 (2023 Bangkok International Motor Show) បានចាប់ផ្ដើម​ជា​ផ្លូវការ​តាំង​ពី​ថ្ងៃទី 22 មីនា និង​អូស​បន្លាយ​​រហូតដល់​ថ្ងៃទី 02 មេសា 2023។ នេះ​គឺជា​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​ធំ និង​គួរ​ទុកចិត្ត​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ពិព័រណ៍​នេះ​មាន​អាយុកាល 44 ឆ្នាំ​មកហើយ៕

Advertisement