ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ-នាំចូល លើក​ទី 15 ចាប់ផ្ដើម​ទទួលភ្ញៀវ

(ភ្នំពេញ)- ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ-នាំចូល​លើក​ទី 15 ត្រូវបាន​សម្ពោធ​បើកទទួល​ភ្ញៀវ​ឡើងវិញ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ក្រោយ​ការផ្អាក 2 ឆ្នាំ ដោយសារ​ជំងឺ​រាតត្បាត។

ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ-នាំចូល លើក​ទី 15 នេះ នឹងធ្វើ​ឡើង​ក្នុង​រយៈពេល 4 ថ្ងៃ រាប់​ចាប់ពី​ថ្ងៃទី 15 ដល់ 18 ធ្នូ 2022 នេះ​បើតាម​ក្រុម​អ្នករៀបចំ​កម្មវិធី។ ពិព័រណ៍​នេះ​មាន​ស្តង់​សរុប​ចំនួន 268 ស្តង់ ដែលមាន​ដូចជា ស្តង់​របស់ សហព័ន្ធ​ស្រូវ​អង្ករ អង្គការ សមាគម​អាជីវកម្ម ក្រុមហ៊ុន សហគ្រាស​ក្នុងស្រុក និង​ក្រុមហ៊ុន​មកពី​បរទេស និង​ស្ដង់​របស់​អាជ្ញាធរ​កម្ពុ​ជា​ជាដើម។

ក្នុង​ពិព័រណ៍​នេះ​មានការ​ចូលរួម​តាំង​បង្ហាញ​របស់​ស្ថាប័ន​មកពី​ប្រទេស​មួយចំនួន មានដូចជា ប្រទេស​ថៃ វៀតណាម ឡាវ ឥណ្ឌូណេស៊ី សិង្ហ​បុរី កូរ៉េខាងត្បូង ជប៉ុន ចិន ឥណ្ឌា ប៉ា​គី​ស្ថាន អ៊ីតាលី តួ​ក​គី និង​សហរដ្ឋ​អាម៉េរិក ផងដែរ។

យោងតាម​អ្នករៀបចំ​ពិព័រណ៍ បណ្ដា​ផលិត​ដែល​ដាក់តាំង​បង្ហាញ​ក្នុងឱកាស​នេះ​គឺ​ផ្ដោត​សំខាន់​ទៅលើ​ផលិតផល​កសិកម្ម មានដូចជា​បន្លែ ផ្លែឈើ ផលិតផល​កែច្នៃ​ពី​កសិផល ម្ហូបអាហារ ភេសជ្ជៈ ក៏ដូចជា​គ្រឿងអលង្ការ និង​គ្រឿងសំអាង​ជាដើម។ល។

Advertisement