កម្ពុជា​ នាំ​ចេញ​អង្ករ​បាន​ជិត​ 6 សែន​តោន​ ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023

11 ខែ​ដំបូង​ក្នុង​ឆ្នាំនេះ កម្ពុជា នាំ​ចេញអង្ករ​បាន​ 85% បើ​ធៀប​នឹង​ផែនការ 700 ពាន់​តោន​ ​ដែល​បាន​ដាក់​ចេញ​សម្រាប់​ឆ្នាំ​ 2023​។

យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រយៈពេល 11 ខែនៃ​ 2023 កម្ពុជា​ នាំចេញអង្ករបានចំនួន 595,630 ​តោន ដែល​ស្មើ​នឹង​​ទឹក​ប្រាក់ចំនួន 420.81 លានដុល្លារ​សហរដ្ឋអាមេរិក។ តួលេខ​នេះ​ស្មើ​នឹង​ 85% នៃ​ផែនការ​ 700 ពាន់​តោន​នៅ​ក្នុង​ឆ្នាំ​នេះ។

ទីផ្សារ​ដែល​បាន​ទទួល​ទិញ​អង្ករ​កម្ពុជា នៅ​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 រួម​មាន​ ប្រទេស​ចិន​ និង​តំបន់​ស្វយ័ត (198,761 តោន), តំបន់​អឺរ៉ុប (240,751 តោន)​, តំបន់​អាស៊ាន (76,514 តោន) និងប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​នៅទ្វីប​​អាហ្វ្រិក និង​មជ្ឈិម​បូព៌ា​ជា​ដើម (79,604 តោន​)​។

ប្រភេទ​អង្ករ​ដែល ​កម្ពុជា ​បាន​នាំ​ចេញ រួម​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ (82.20%), អង្ករ​ស​គ្រាប់​វែង (13.13%), អង្ករស​គ្រាប់​ខ្លី (0.02%), អង្ករ​ចំហ៊ុយ (3.04%) និង​អង្ករ​សរីរាង្គ (1.61%)​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី អគ្គនាយកដ្ឋាន​កសិកម្ម​ នៃ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ ក៏​ដូច​ជា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​អគ្គនាយកដ្ឋានសេវា​ពាណិជ្ជកម្ម​ នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​៕

Advertisement